Skip to main content

​សម្តេច ព្រះសង្ឃរាជ ជូន ណាត

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ (ប្រសូត ១១ មីនា ព.ស.​២៤២៧/គ.ស.​១៨៨៣ សុគត ២៥ កញ្ញា ព.ស.​២៥១៣/គ.ស.​១៩៦៩) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៩២ ដល់ ព.ស.​២៥១៣ ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម សីហនុ។ ព្រះរាជ​ជីវប្រវត្តិ​ ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ) សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ព.ស.​២៤២៧ គឺ​ថ្ងៃ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ សម្ដេច​មាន​ព្រះជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នៃ​សម្ដេច​នាម យក់ ព្រះ​បិតា​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គឺ អង្គ​សម្ដេច​ព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភណ្ឌ​មន្ត្រី ជួន នុត ជា​ព្រះ​អនុជ​នៃ សម្ដេច​ព្រះសង្ឃ​រាជ។ កុមារ​បរិច្ឆេទ (កំណត់​អំពី​ភាព​នៃ​កុមារ) សម្ដេច​កាល​ឋិត​នៅ​ក្នុង​កុមារ​ភាព មាន​ព្រះជន្មាយុ​រវាង​១២​ឆ្នាំ ព្រះ​មាតា​បិតា​បាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រ​របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​ ម៉ម វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។ បព្វជ្ជា​បរិច្ឆេទ (កំណត់​អំពី​បព្វជ្ជា) លុះ​សម្ដេច​មាន​ព្រះជន្មាយុ​១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ ក្នុង​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.​២៤៤១ គ.ស.​១៨៩៧ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិ​ព្រឹក្ស អស់​រយៈ​កាល​ពីរ​ឆ្នាំ ទើប​ចេញ​អំពី​វត្ត​ពោធិ​ព្រឹក្ស​ទៅ​រៀន​សូត្រ​ព្រះ​បរិយត្តិ​ធម៌ ឯ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ក្នុង​សំណាក់​ព្រះ​ពុទ្ធ​គ្រូ ទេព សោ នា​កុដិ​ថែវ​ប្រប​កំពែង​ខាង​ជើង​ក្នុង​កាល​ព.ស.​២៤៤៣ គ.ស.​១៨៩៩។ ឧប្បសម្បទា​បរិច្ឆេទ (កំណត់​អំពី​ឧបសម្បទា) សម្ដេច លុះ​បាន​ព្រះជន្មាយុ​គម្រប់​២១​ព្រះវ​ស្សា​បាន​ទ្រង់​និមន្ត​ត្រឡប់​ទៅ​សូម​ឧបម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​ពោធិ​ព្រឹក្ស​ដែល​ជា​វត្ត​ដើម​វិញ ដោយ​មាន​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ពុទ្ធ​ឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោ​ជា​ព្រះ​ឧបជ្ឈាយ៍ កាល​លោក​នៅ​ជា​​ចៅ​អធិការ​វត្ត​ពោធិ​ព្រឹក្ស​មាន​ព្រះតេជ​ព្រះគុណ កែ ម៉ម មិស្សនាគោ ជា​គ្រូ​សូត្រ​ស្ដាំ និង​ព្រះតេជ​ព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជា​គ្រូ​សូត្រ​ឆ្វេង សូត្រ​បំពេញ​កិច្ច​ឧបសម្បទា​នៅ​ថ្ងៃ​១៤​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆស័ក ព.ស.​២៤៤៨ គ.ស.​១៩០៤។ សម្ដេច​​ទ្រង់​ទទួល​ព្រះនាម​ប្បញ្ញត្តិ​ថា ជោតញ្ញាណោ លុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​រួច​ហើយ ទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់​នៅ​វត្ត​ឧណ្ណាលោម ទទួល​ការ​សិក្សា​គន្ថធុរៈ​វិញ​ទៀត។ បរិយត្តិ​បរិច្ឆេទ (កំណត់​អំពី​ការ​សិក្សា) សម្ដេច​ព្រះសង្ឃ​រាជ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសា​បាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗ មាន​ភាសា​បារាំង​ជាដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ មាន​ជោគ​ជ័យ​ប្រសើរ​ណាស់ ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ​ដែល​រៀន​ចម្រើន​លូតលាស់ មាន​ល្បឿន​ឈ្នះ​លោក​ឯ​ទៀត​ៗ។ សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រ ប្រែ​មូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ​អំពី​ព្រះពុទ្ធ​ឃោសាចារ្យ​ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈាយ៍ នៃ​សម្ដេច​ព្រះសង្ឃរាជ។ សម្ដេច​ព្រះសង្ឃរាជ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ មាន​វិជ្ជា​បាលី​ជា​ដើម គឺ​រៀន​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ ខិតខំ​ប្រឹង​ប្រែង ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។ សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែន​ទែន ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗ ទេ។ វិជ្ជា​ខាង​ភាសា​បាលី ភាសា​សំស្ក្រឹត និង​ភាសា​បារាំង សុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ ជ្រាលជ្រៅ​លំបាក​រៀន លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់លាស់ ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។ សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលី​សំស្ក្រឹត​ជាដើម ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ជា​ច្រើន​ណាស់។ ភាសា​សៀម ភាសា​លាវ និង​ភាសា​បារាំង ដែល​សម្ដេច​បាន​រៀន អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម ជាតិ​លាវ និង​ជាតិ​បារាំង​បាន។ សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ​ឲ្យ​ស្រដៀង ឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ ភាសា​អង់គ្លេស និង​ភាសា​វៀតណាម ក៏​សម្ដេច​បាន​រៀន អាច​មើល សរសេរ​និយាយ ប្រាស្រ័យ​បាន​ច្រើន​ដែរ។ ក្នុង​សម័យ​ដែល​សម្ដេច​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ក្នុង​រវាង​គ.ស.​១៩១០ ឃើញ​ថា​សម្ដេច​មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​ថា​ ជា​ព្រះថេរៈ ស្ទាត់​ជំនាញ​ពូកែ​ខាង​ភាសា​បាលី អាច​និយាយ​ភាសា​បាលី​បាន​ជាង​ភិក្ខុ សាមណេរ​ឯ​ទៀត ដែល​រៀន​ជាមួយ​គ្នា​ក្នុង​សម័យ​នោះ។ នៅ​ព.ស.​២៤៥៧ គ.ស.​១៩១៣ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារាម វិហារ​ព្រះ​កែវ​មរកត ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។ ព.ស.​២៤៥៩ គ.ស.​១៩១៥ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់​ខ្ពស់ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​សុរាម្រឹត។ ក្រៅ​ពី​ភាសា​ខ្មែរ ដែល​សម្ដេច​ទ្រង់​បាន​ស្រាវជ្រាវ​យល់​ឫស​គល់​ពិត​ប្រាកដ សម្ដេច​បាន​សិក្សា​ភាសា​បាលី អាច​អាន ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំង​អស់ គឺ​សំនៀងលង្កា ភូមា មន សៀម និង​លាវ ឥត​មាន​ទើស​ទាក់់​ភ្លាំង​ភ្លាត់​ឡើយ។ ព.ស.​២៤៦៦ និង​២៤៦៧ គ.ស.​១៩២២ និង​១៩២៣ សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា (ជាមួយ​នឹង​សម្ដេច​ព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​វិជ្ជា) បាន​ធ្វើ​ជា​សមណៈ​សិស្ស និមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសា​សំស្ក្រឹត និង​អក្សរ​សិលា​ចារឹក​ជាដើម នៅ​សាលា​បារាំង​សែស​ចុង​បូព៌ា​ប្រទេស នា​ក្រុង​ហាណូយ (វៀតណាម​ខាង​ជើង) ក្នុង​សំណាក់​លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិ​បារាំង​សេស ជា​ចាងហ្វាង​សាលា​នេះ។ បេសកកម្ម​បរិច្ឆេទ (កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ) ព.ស.​២៤៦៣ គ.ស.​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។ ព.ស.​២៤៦៩ គ.ស.​១៩២៥ សម្ដេច​បាន​ធ្វើ​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា ដែល​សាលា​បាលី​ជាន់​ខ្ពស់ បោះពុម្ព​ផ្សាយ។ ព.ស.​២៤៧០ គ.ស.​១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់ បារាំង-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។ ព.ស.​២៤៧១ គ.ស.​១៩២៧ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រម តែ​មួយ​ព្រះអង្គ​ឯង ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់ បាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១​ភាគ​២ បាន​៥​គ្រា​ហើយ។ ក្នុង​ឆ្នាំ​ដដែល​នេះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្ដាច់​ឆ្នាំ សម្រាប់​បណ្ណាល័យ​កម្ពុជា ដែល​សព្វ​ថ្ងៃ​ហៅ​ថា វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ។ ព.ស.​២៤៧៤ គ.ស.​១៩៣០ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ ក្នុង​មុខងារ​ជា​ចាងហ្វាង​រង នៃ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ។ ក្នុង​ឆ្នាំ​ដដែល​នោះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​ជំនួយ​នៃ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រុង​ភ្នំពេញ។ ព.ស.​២៤៧៦ គ.ស.​១៩៣២ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យ​ពេចន៍​ក្នុង​ផ្ទៃ នៃ​កវី​និពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំង​នេះ ទៅ​ក្នុង​វចនានុក្រម​ខ្មែរ។ ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ទទួល ការ​តែងតាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះពុម្ព​ផ្សាយ។ ព.ស.​២៤៧៨ គ.ស.​១៩៣៤ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ​ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ។ ព.ស.​២៤៧៩ គ.ស.​១៩៣៥ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុង​ភ្នំពេញ។ ឋានន្តរ​បរិច្ឆេទ (កំណត់​អំពី​ឋានន្តរ) ព.ស.​២៤៨៦ គ.ស.​១៩៤២ សម្ដេច​ទ្រង់​បាន​ទទួល​ឋានន្តរ ជា​ចាងហ្វាង​នៃ សាលា​បាលី​ជាន់​ខ្ពស់​ ក្រុង​ភ្នំពេញ ដែល​សព្វ​ថ្ងៃ​កែ​ប្រែ​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត។ ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​ទ្រង់​បាន​ទទួល​តំណែង​ជា​ចៅ​អធិការ​វត្ត​ឧណ្ណាលោម។ ព.ស.​២៤៨៩ គ.ស.​១៩៤៥ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អធិបតី​នៃ​ថេរសភា គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ។ ព.ស.​២៤៩១ គ.ស.​១៩៤៧ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អនុ​ប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ ក នៃ គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។ ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្មវិន័យ​ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្មវិន័យ​ក្នុង​ព្រះរាជាណាចក្រ។ គ.ស.​១៩៦១ រហូត​មក សម្ដេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ​ធ្វើ​ជា​ព្រះប្រធាន​នៃ ការសម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​វិទ្យុ​ជាតិ​រៀងរាល់​ថ្ងៃ​សុក្រ។ គ.ស.​១៩៦៨ ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ។ គ.ស.​១៩៦៩ ព្រះអង្គ​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។ ព្រះ​កិច្ចការ​ដែល​​សម្ដេច​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស នៅ​ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភួ​នៃ​មន្ត្រី​សង្ឃ ទៅ​កាន់​ក្រុង​វៀងច័ន្ទន៍ និង​ក្រុង​ហ្លួង​ព្រះបាង ប្រទេស​លាវ ដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ ប្រទេស​លាវ ​ផង ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​នៅ​ប្រទេស​លាវ​ផង។ ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ដឹកនាំ​ គណៈ​ប្រតិភូ​ព្រះសង្ឃ​ខ្មែរ​ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ក្នុង​ដែន​កូសាំងស៊ីន កម្ពុជាក្រោម។ នៅ​ព.ស.​២៤៨៣ គ.ស.​១៩៣៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​លាវ​ម្ដង​ទៀត ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​នៅប្រទេស​លាវ​ផង ដើម្បី​ជួយ​រំលឹក​ដាស់​តឿន​ប្រជាជាតិ​លាវ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​បរិយត្តធម៌ និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​ស្រប​គ្នា​តាម​របៀប​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​នៃ​ប្រទេស​កម្ពុជា ទាំង​ប្រជាជាតិ​នៅ​ក្នុង​ទី​ប្រជុំជន និង​ក្នុង​ខេត្ត​នានា នៃ​ព្រះរាជាណាចក្រ​លាវ ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រង់​គន្លង​ព្រះ​ពុទ្ធ​សាសនា​ផង។ ព.ស.​២៤៨៧ គ.ស.​១៩៤៣ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំង​សែស​នៅ​ចុង​បូព៌ា​ប្រទេស ហើយ​នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​មក។ ព.ស.​២៤៩៤ គ.ស.​១៩៥០ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​នៅ​ប្រជុំ​សន្និសីទ​ដើម្បី​បង្កើត​ពុទ្ធិក​សមាគម​ពិភព​លោក​នៅ​ក្រុង​កោលម្បូ ប្រទេស​ស្រី​លង្កា​ទ្វីប។ នៅ​ព.ស.​២៤៩៧ គ.ស.​១៩៥៣ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​បំពេញ​បេសកកម្ម​សុឆន្ទៈ​ប្រឹក្សា​សម្រេច​រឿង​ឆដ្ឋសង្គាយនា នៅ​ក្រុង​រង្គូន សហភាព​ភូមា។ ក្នុង​ឆ្នាំ​ជា​បន្ទាប់​នៅ​ព.ស.​២៤៩៨ គ.ស.​១៩៥៤ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​និមន្ត​នៅ​កាន់​​ក្រុង​រង្គូន ប្រទេស​ភូមា​ម្ដង​ទៀត ដើម្បី​រួបរួម​ក្នុង​ការ​ប្រជុំ​ធ្វើ​ឆដ្ឋសង្គាយនា​សម័យ​ប្រជុំ​ដំបូង។ កន្លង​មួយ​ឆ្នាំ​ក្រោយ​មក ព.ស.​២៤៩៩ គ.ស.​១៩៥៥ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ឆដ្ឋសង្គាយ នៅ​ក្រុង​រង្គូន ប្រទេស​ភូមា ជា​លើក​ទី​បី​ដើម្បី​ប្រជុំ ហើយ​បិទ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ។ នៅ​ព.ស.​២៥០៣ គ.ស.​១៩៥៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ជកត៌ា និង​ក្រុង​សឹម៉ារ៉ាំង កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា។ ព.ស.​២៥០៣ ចូលរួម​ពិធី​បញ្ចុះ​ខណ្ឌ​សីមា និង​ពិធី​សន្មត​រោង​ឧបោសថ ព្រម​ទាំង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុល​បុត្រ អ្នក​ប្រទេស​នោះ​ចំនួន​បី​រូប​ផង។ សមណសក្ដិ​បរិច្ឆេទ (កំណត់​អំពី​សមណស័ក្តិ) ដោយ​ព្រះមហា​វិរិយភាព​របស់​សម្ដេច ដែល​ទ្រង់​បាន​បំពេញ​ទាំង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក​ដែល​យើង​បាន​ឃើញ​ជា​ភស្តុតាង សម្ដេច​ក៏​បាន​ឡើង​សមណស័ក្តិ​ជា​លំដាប់លំដោយ ដូច​តទៅ​នេះ​គឺ៖ ព.ស.​២៤៥៤ គ.ស.​១៩១០ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ក្នុង​សមណស័ក្តិ ជា​ព្រះ​បាឡាត់​សាក្យបុត្តិយ៍ (បាឡាត់​របស់​ព្រះ​សក្យវង្ស នុត វត្ត​ឧណ្ណាលោម)។ ព.ស.​២៤៥៦ គ.ស.​១៩១២ សម្ដេច​បាន​ទទួល​សមណស័ក្តិ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា (ទី​ឋានានុក្រម សម្រាប់​ថ្នាក់​ឯក​របស់​សម្ដេច​ព្រះសង្ឃ​រាជ​ព្រះនាម​ ទៀង)។ ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះ​សាសនសោភ័ណ (រាជាគណៈ​កិត្តិយស)។ ព.ស.​២៤៨៤ គ.ស.​១៩៤០ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះពុទ្ធ​ឃោសាចារ្យ (រាជាគណៈ​ថ្នាក់​ទី​២)។ ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​បាន​ឡើង​ជា​សមណស័ក្តិ​ជា​ព្រះពោធិវ័ង្ស (រាជា​គណៈ​ថ្នាក់​ទី​១)។ ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ខ្ពស់​បំផុត​ជា​ព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។ ព.ស.​២៤៩៤ គ.ស.​១៩៥០ ព្រះករុណា​ជា​អម្ចាស់​ជីវិត​ទ្រង់​បាន​ប្រោស​ប្រទាន​ប្រគេន​ព្រះ​ឋានៈ​ជា​សម្ដេច​ព្រះ​មហាសុមេធាធិបតី សង្ឃនាយក​គណៈ​មហានិកាយ។ លុះ​ដល់​មក​ព.ស.​២៤៩៨ គ.ស.​១៩៥៤ រដ្ឋាភិបាល​សហភាព​ភូមា​បាន​ប្រគេន​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អគ្គ​មហា​បណ្ឌិត​សហភាព​ភូមា។ ស្រាប់​តែ​ដល់​មក​ព.ស.​២៥០១ គ.ស.​១៩៥៧ រដ្ឋាភិបាល​សហភាព​ភូមា បាន​សូម​តម្លើង​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អភិធជៈ​មហារដ្ឋ​គរុ នៃ​សហភាព​ភូមា​ទៀត ដែល​ជា​សមណស័ក្តិ​ដ៏​ខ្ពស់​បំផុត​មាន​តែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា។ ខែ​កុម្ភៈ គ.ស.​១៩៦៤ អ្នក​និពន្ធ​ខ្មែរ​ទាំង​អស់​បាន​ថ្វាយ​ព្រះឋានៈ​ព្រះអង្គ​ជា ព្រះអគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ និង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ផង។ ព.ស.​២៥០៧ គ.ស.​១៩៦៣ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា ទ្រង់​បាន​ប្រោស​ប្រទាន​ព្រះ​ឋានៈ​សម្ដេច​ជា សម្ដេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១។ ថ្ងៃ​ទី​២៨ ឧសភា ១៩៦៧ ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រ ពេញ​លក្ខណៈ​អំពី​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​នាម​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុសាស្ត្រ នៃ​ភូមិន្ទ​សកល​វិទ្យាល័យ។ ឥស្សរិយ​បរិច្ឆេទ (កំណត់​អំពី​ឥស្សរិយយស) គ្រឿង​ឥស្សរិយយស​ដែល​សម្ដេច​បាន​ទទួល​មាន​ដូច​តទៅ​នេះ គឺ៖ មេដាយ​អស្សឫទ្ធិ​មុនីសារភរណ៍ នៅ​ព.ស.​២៤៦១ គ.ស.​១៩១៧។ មេដាយ​អស្សឫទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៦៧ គ.ស.​១៩៣២។ មេដាយ​អស្សឫទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ នៅ​ព.ស.​២៤៧៦ គ.ស.​១៩៣២។ មេដាយ​សេនា​នៃ​បណ្ឌិត​សភា សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨១ គ.ស.​១៩៣៧។ មេដាយ​អស្សឫទ្ធិ​ដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨៦ គ.ស.​១៩៤២។ មេដាយ​សេនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៨៨ គ.ស.​១៩៤៤។ មេដាយ​សេនាដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨។ មេដាយ​មហា​សិរីវឌ្ឍន៍ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥០៥ គ.ស.​១៩៦២។ មេដាយ​មហា​សិរីវឌ្ឍ​សុវត្ថារា នៅ​ព.ស.​២៥០៦ គ.ស.​១៩៦៣។ មេដាយ​ជាតូបការ ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥១៣ គ.ស.​១៩៦៩។ ពុទ្ធវុឌ្ឍិ​បរិច្ឆេទ (កំណត់​អំពី​ការ​ធ្វើ​សេចក្ដី​ចម្រើន​ក្នុង​ផ្លូវ​លោក និង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា) កិច្ចការ​ឯ​ទៀត​របស់​សម្ដេច ក្រៅ​ពី​មុខ​ការ​ខាង​សិក្សា​ដែល​សុទ្ធ​តែ​ជា​ការ​មាន​ប្រយោជន៍​ជា​សាធារណៈ​ក្នុង​ព្រះ​ពុទ្ធ​សាសនា និង​ប្រទេស​ជាតិ​នោះ នៅ​មាន​ច្រើន​ទៅ​ទៀត និយាយ​ដោយ​សង្ខេប​គឺ​ចាប់​តាំង​ពី​ឆ្នាំ​ឆ្លូវ​សប្ត​ស័ក ព.ស.​២៤៧០ គ.ស.​១៩២៤ រៀង​មក សម្ដេច​បាន​ធ្វើ​ការ​ឧបត្ថម្ភ​​វត្ត​ពោធិ​ព្រឹក្ស (ហៅ​វត្ត​ពោល្យំ) ក្នុង​សង្កាត់​រលាំង​កែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​នឹង​សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ជា​ទី​ជាតិ​ភូមិ​របស់​សម្ដេច ដូច​មាន​សេនាសនភ័ណ្ឌ​តទៅ​នេះ៖ សម្ដេច​បាន​ជាវ​ដី​ជុំ​វិញ​វត្ត​ចំនួន​ជាង​៣​ហិកតា ពង្រីក​ទី​វត្ត​ឲ្យ​ធំ​ទូលាយ​ច្រើន​ជាង​ពី​ដើម។ បាន​ជួយ​ឧបត្ថម្ភ​លើក​ថ្នល់ ភ្ជាប់​ពី​ថ្នល់​ជាតិ​ចូល​មក​វត្ត​សុរភី និង​ពោធិ​ព្រឹក្ស រួម​ចម្ងាយ​៣​គឺឡូម៉ែត្រ។ បាន​ស្ថាបនា​វិហារ​បេតុង​អារម៉េ សាលា​បាលី​រង (ពុទ្ធិក​បឋម​សិក្សា) រៀប​ចំ​ទី​វត្ត​ពោធិ​ព្រឹក្ស​ទាំង​មូល ឲ្យ​មាន​ទេសភាព​សមរម្យ​តាម​សម័យ​និយម។ បាន​ស្ថាបនា​ស្ពាន​ធំ​មួយ និង​ស្ពាន​តូច​មួយ​សុទ្ធ​តែ​បេតុង​អារម៉េ ឆ្លង​ស្ទឹង​តូច​រាំង​ព្រំ​ប្រទល់ សង្កាត់​រលាំងកែន និង​សង្កាត់​រកាកោះ។ បាន​ឧបត្ថម្ភ​ក្នុង​ការ​ស្ថាបនា​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា សុរភី​ពោធិព្រឹក្ស​៣​ខ្នង តាំង​ពី​គ.ស.​១៩៤៨ រៀង​រហូត​ដល់​សាលា​នេះ​ឡើង​ដល់​ថ្នាក់​ឧត្ដមដ្ឋាន សម្រាប់​កូន​ចៅ​អ្នក​ស្រុក​ជើង​វត្ត​សុរភី និង​វត្ត​ពោធិព្រឹក្ស។ បាន​ឧបត្ថម្ភ​ឲ្យ​គេ​ធ្វើ​ថ្នល់​លំ​មួយ ចាក់​ក្រួស​បាយ​ក្រៀម ប្រើ​ការ​បាន​ដោយ​ស្រួល។ បាន​ជាវ​ទី​ដី​៣​ហិកតា​កន្លះ​ទុក​ដាក់​ជា​សាសន​សម្បត្តិ​រៀង​ទៅ។ បាន​ស្ថាបនា​ខ្លោង​ទ្វារ​របង​អារម៉េ​មួយ។ បាន​ស្ថាបនា អាវសថសាលា (សាលា​សំណាក់) ១​ខ្នង។ បាន​ចាត់​ការ​ឲ្យ​ជីក​ស្រះ​មួយ​ទំហំ​១០០​ម៉ែត្រ​បួន​ជ្រុង នៅ​ត្រង់​ទី​ថ្នល់​បែក​ចេញ​ពី​ថ្នល់​ជាតិ​ក្នុង​សង្កាត់​រកាកោះ។ បាន​ជួយ​ឧបត្ដម្ភ​ជីក​អណ្ដូង​បុក​ប្រើ​ស្នប់​៣​កន្លែង។ បាន​ស្ថាបនា​គិលានដ្ឋាន​មួយ​ខ្នង​ ប្រសូតិ​គ្រឹះ (មន្ទីរ​សម្ភព) មួយ​ខ្នង​ ដោយ​បេតុង​អារម៉េ។ បាន​ធ្វើ​កំពែង​បេតុង​អារម៉េ បណ្ដោយ​១០០​ម៉ែត្រ ទទឹង​៥២​ម៉ែត្រ ព័ទ្ធ​ជុំវិញ​មន្ទីរ​ពេទ្យ​ទាំង​ពីរ​ខ្នង​នេះ។ បាន​ស្ថាបនា​អគារ​គព្ភិនី​សំណាក់​ក្នុង​កំពែង​នោះ​ដែរ។ បាន​ស្ថាបនា​អគារ​បេតុង​អារម៉េ​២​ខ្នង ក្រៅ​កំពែង​នោះ​សម្រាប់​គិលានសមណៈ។ បាន​ចាត់​ការ​ឲ្យ​លើក​ទំនប់​ទឹក​១​កន្លែង​បណ្ដោយ​៩០០​ម៉ែត្រ ទទឹង​៨០០​ម៉ែត្រ (ដោយ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋ ទ្រង់​សព្វ​ព្រះទ័យ​បាន​ប្រោស​ប្រទាន​ព្រះរាជានុញ្ញាត​ឲ្យ​លើក​ទំនប់​ទឹក​នោះ)។ បាន​ឧបត្ថម្ភ​ឲ្យ​វេយ្យាវច្ចករ​ដាំ​ដំណាំ​លើ​ទី​ដី​ខាង​លើ​នេះ ជា​ប្រយោជន៍​ដល់​គិលានដ្ឋាន និង​ប្រសូតិគ្រឹះ​របស់​សម្ដេច​ទៅ​ក្នុង​អនាគត​កាល (ស្ថាបនកម្ម​ទាំង​នេះ​នៅ​ក្នុង​ភូមិ​ស្រែ​បន្ទាយ សង្កាត់​រកាកោះ)។ បាន​លះបង់​ទី​ដី​មួយ​កន្លែង ដែល​សម្ដេច​បាន​ជាវ​ហើយ​នោះ​ជូន​ព្រះ​រាជរដ្ឋាភិបាល​ឲ្យ​ស្ថាបនា​អគារ​មណ្ឌល​នីតិកម្ម (ប៉ុស្តិ​ប៉ូលីស) និង​មន្ទីរ​រាជ​សហករណ៍​។ល។ បាន​ផ្ដើម​គំនិត​ធ្វើ​សមាគម​កសាង​មន្ទីរ​ពេទ្យ​ព្រះសង្ឃ ក្រុង​ភ្នំពេញ។ បាន​កសាង​វិហារ​វត្ត​ឧណ្ណាលោម ដែល​ជា​វិហារ​ធំ​បំផុត​ជាង​វិហារ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​បី​ជាន់ ក្នុង​ព.ស.​២៤៩៩ គ.ស.​១៩៥៦។ បាន​ផ្ដើម​កសាង​ព្រះ​សក្យមុនី​ចេតិយ​នៅ​ខាង​កើត​ស្ថានីយ៍​រាជាយស្ម័យយាន។ បាន​ទំនុកបម្រុង​ ព្រម​ទាំង​ចាត់​ចែង​សមណ​និស្សិត​បញ្ជូន​ឲ្យ​ទៅ​រៀន​ឯ​បរទេស មាន​ប្រទេស​ឥណ្ឌា ភូមា​ជាដើម។ បាន​បង្កើត​ការ​សិក្សា​ធម្មវិន័យ ដើម្បី​សិក្ខាកាម​កុល​បុត្រ​ទូទៅ​ពេញ​ប្រទេស​កម្ពុជា។ បាន​បង្កើត​ការ​អប់រំ​យុវជន​ដោយ​សីលធម៌​ដែល​នៅ​ក្នុង​វត្ត​ឧណ្ណាលោម ឬ​វត្ត​ឯ​ទៀត​ៗ ដែល​មាន​យុវជន​នៅ​វត្ត​ជា​ច្រើន​នាក់។ បាន​ផ្ដើម​កសាង​ឈាបនដ្ឋាន (ទី​បូជា​សព) ក្នុង​វត្ត​ឧណ្ណាលោម ដែល​មាន​លោក​អ្នក​ឧកញ៉ា​តេជះ តាន់ ម៉ៅ ជា​អ្នក​ចេញ​ប្រាក់​កសាង​ឲ្យ​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​មុន​ដំបូង​បង្អស់ គ.ស.​១៩៥៣។ បាន​ផ្ដើម​សង់​ឧបដ្ឋាន​សាលា​សម្រាប់​មន្ត្រី​សង្ឃ ដែល​និមន្ត​មក​ក្នុង​ឱកាស​អនុសំវច្ឆរ​មហា​សន្និបាត ដើម្បី​ប្រជុំ​ទទួល​ភត្តាហារ និង​សម្រាប់​ភ្ជុំបិណ្ឌ​ដែល​គហបតី លី ស៊ុនងន, ឧបាសិកា តាន់ ស៊ីប៊ី ចេញ​ប្រាក់​កសាង។ បាន​បង្កើត​ឲ្យ​មាន​ការ​ហាត់​រៀន​ប្រឡង​សូត្រ​បាតិមោក្ខ​បាលី។ បាន​រៀបចំ​តាំង​គណៈកម្មការ​សង្ឃ និង​គណៈ​កម្មការ​គ្រហស្ថ​តាម​ផ្លូវ​ការ​គ្រប់​វត្ត​ទាំង​អស់ ដើម្បី​រៀបចំ​ទី​វត្ត​ឲ្យ​ស្អាត ទាំង​មាន​របៀប​រៀបរយ តាំង​ពី​ឆ្នាំ​១៩៥៥​ដរាប​មក។ ស្នា​ព្រះហស្ត​ខាង​អក្សរសាស្ត្រ​នៃ​សម្ដេចព្រះ​សង្ឃ​រាជ ព្រះសង្ឃរាជ ​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ណាស់ ទាំង​គម្ពីរ​ស្លឹករឹត ទាំង​សៀវភៅ​ ជា​ពិសេស គឺ​សៀវភៅ​ដែល​សម្ដេច​ប្រមូល​រៀបរៀង និង​សៀវភៅ​ដែល​ទ្រង់​ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ សម្រាប់​ពុទ្ធ​បរិស័ទ​រៀន​សូត្រ។ សៀវភៅ​ខ្លះ​ជា​សៀវភៅ​ដែល​កម្រ​នឹង​ធ្វើ​កើត ទាំង​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់​គឺ៖ ១. វចនានុក្រម​ខ្មែរ មាន​២​ភាគ ក្នុង​ព.ស.​២៤៦១ គ.ស.​១៩១៧ សៀវភៅ​នេះ​បាន​បោះពុម្ព​ច្រើន​គ្រា​មក​ហើយ។ ២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍​បាលី) មាន​២​ភាគ តាំង​ពី​ព.ស.​២៤៦២ គ.ស.​១៩១៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។ ៣. គហិបដិបត្តិ ក្នុង​ព.ស.​២៤៦៨ គ.ស.​១៩២៦ ជាមួយ​នឹង​ព្រះ​ឧត្ដម​មុនី អ៊ុម ស៊ូ និង​ព្រះ​ពោធិវ័ង្ស ហួត​ តាត តាម​បញ្ជា​នៃ​ព្រះ​តេជ​ព្រះគុណ​ព្រះមហា​វិមលធម្ម ថោង (ពុទ្ធសាសន​បណ្ឌិត្យ)។ ៤. សាមណេរ​វិន័យ ក្នុង​ព.ស.​២៤៦០ គ.ស.​១៩១៧ ជាមួយ​នឹង​ព្រះថេរៈ​ទាំង​ពីរ​ព្រះអង្គ​ខាង​លើ​នេះ​ដែរ។ ៥. បាតិមោក្ខ​សំវរ​សង្ខេប (សម្រាយ) ព.ស.​២៤៧០ គ.ស.​១៩២៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។ មាន​សៀវភៅ​ឯ​ទៀត​ៗ​ជា​ច្រើន​ដែល​ជា​បន្ទាប់​បន្សំ។ ៦. កាព្យ​លោក​ធម៌ បោះពុម្ព​ដំបូង​ក្នុង​ព.ស.​២៥០០ គ.ស.​១៩៥៧។ កាព្យ​នេះ​ទ្រង់​តែង​កាល​នៅ​ជា​ព្រះ​គ្រូសង្ឃសត្ថា។ ៧. នាគោបមាទិកថា ព.ស.​២៤៧៥ គ.ស.​១៩៣៣។ ៨. ព.ស.​២៤៨៤ គ.ស.​១៩៤១ សម្ដេច​បាន​តែង​សុភមង្គល​គាថា​បាលី​បឋ្យាវត្ត​៧​គាថា ព្រម​ទាំង​ប្រែ​ជា​សម្រាយ​ផង សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សួស្ដី​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ​វរ្ម័ន។ ៩. បព្វជ្ជាខន្ធកៈ​ពិស្ដារ។ ១០. ចីវរក្ខន្ធៈ​ពិស្ដារ។ ១១. អត្ថបទ ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​របស់​ពុទ្ធសាសន​ បណ្ឌិត្យ តាំង​ពី​ឆ្នាំ​១៩២៦ និង​ឆ្នាំ​ត​ៗ​មក ដែល​ពុំ​អាច​ស្រាវជ្រាវ​មក​ដាក់​ក្នុង​ទីនេះ​បាន​ដោយ​ពេល​មមា​ញឹក​ ព្រម​ទាំង​អត្ថបទ​ធម៌​ឯ​ទៀត​ៗ​ជា​ច្រើន ដែល​បោះពុម្ព​ចុះ​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធ​ចក្រ។ ១២. បាន ​ពិនិត្យ​កែ​សម្រួល​ពាក្យ​ពេចន៍​របស់​គណៈកម្មការ​ខេមរយានកម្ម ដោយ​ព្រះ​មេត្តា​ជួយ​ឲ្យ​គណៈកម្មការ​នេះ​ជា​របស់​ក្រសួង​អប់រំ​ជាតិ បាន​រួបរួម​បោះពុម្ព​ជា​សៀវភៅ​ទស្សនាវដ្ដី​សម្រាប់​បង្រៀន​សិស្ស​ផ្នែក​ មធ្យម​សិក្សា​ចេញ​រៀងរាល់​ខែ។ ព្រះ​កេរ្តិ៍​មួយ​សំខាន់​ណាស់​ដែល​រលឹក​ឃើញ​បាន​រាល់​ថ្ងៃ គឺ​ព្រះរាជ​និពន្ធ​ទំនុក​ច្រៀង បទ​នគរ​រាជ សម្រាប់​ភ្លេង​ជាតិ​ខ្មែរ ទ្រង់​បាន​និពន្ធ​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៤១ និង​ទំនុក​ ព្រម​ទាំង​បទ សរភញ្ញ ដែល​ទ្រង់​បាន​និពន្ធ​កាល​ពី​ឱកាស​បុណ្យ​ពុទ្ធសករាជ​២៥០០។ ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ជា​អម្ចាស់​មាន​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​យើង​ខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់ចត់ ហើយ​សរសេរ​រួបរួម​ប្រមូល​យក​ចំពោះ​តែ​គោល​ធំ​ៗ ដោយ​សង្ខេប​មាន​ប្រាំ​យ៉ាង ដូច​សេចក្ដី​រៀបរៀង​វែកញែក​តទៅ​នេះ៖ ១. វីរិយភាព​ក្នុង​ការ​សិក្សា ២. បដិភាណប្បញ្ញា “ប្រាជ្ញា​វាងវៃ” ៣. វេសារជ្ជប្បញ្ញា “បញ្ញា​ក្លៀវក្លា​អង់អាច” ៤. ធម្មទេសនា​កោសល្យ “ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា” ៥. បណីត​សកម្មភាព​ “សកម្មភាព​ដ៏​ប្រសើរ” អធិប្បាយ​ពង្រីក​សេចក្ដី​ចំពោះ​គុណ​សម្បត្តិ​នីមួយ​ៗ ១. វីរិយភាព នៃ​សម្ដេច​ជា​អម្ចាស់ ដែល​មនុស្ស​ចាស់​ទុំ​ធ្លាប់​បាន​សង្កេត​តាំង​ពី​សម្ដេច​មាន​ព្រះជន្ម​នៅ​ ក្មេង គឺ​តាំង​ពី​នៅ​ជា​សាមណេរ​ដរាប​មក​រហូត​ដល់​សម្ដេច​មាន​ព្រះជន្ម​ជ្រុល​ចូល​ មក​បច្ឆិមវ័យ​ហើយ ក៏​នៅ​តែ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយ សូម្បី​ព្រះអង្គ​មាន​សមណៈ​ស័ក្តិ​ដ៏​ខ្ពស់​បំផុត​ទី​ជា​សម្ដេច​ព្រះសង្ឃរាជ​ ហើយ​ក៏​ដោយ។ វីរិយភាព នេះ​ប្រែ​ថា សេចក្ដី​ព្យាយាម​ ឬ​ថា​ប្រឹង​ប្រែង រាប់​ថា​ជា​បារមី​មួយ​របស់​ព្រះពោធិសត្វ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយ ហៅ​ថា វីរយៈ​បារមី។ បណ្ដា​កិច្ចការ​គ្រប់​យ៉ាង រមែង​ប្រកប​ដោយ​ឧបសគ្គ គឺ​ធម៌​ជា​គរឿង​រារាំង​បើមិន​ច្រើន​ក៏​តិច​ តែ​ថា​បើ​សេចក្ដី​ព្យាយាម មាន​កម្លាំង​ក្លៀវក្លា ក៏​អាច​ពុះពារ​ចំពោះ​ឧបសគ្គ​នោះ​បាន​ដោយ​ពិត​សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ វីរយៈធម៌​ដ៏​រឹង​ប៉ឹង​ជា​ទី​បំផុត បាន​ជា​ព្រះអង្គ​ចេះ​តែ​មាន​ជ័យ​ជម្នះ​សង្កត់​ទៅ​លើ​ឧបសគ្គ​គ្រប់​យ៉ាង​បាន​ ជា​ដរាប ទោះ​បី​ព្រះ​អង្គ​ហត់​នឿយ​ណាស់ ប៉ុន្តែ​ព្រះអង្គ​មិន​សូវ​ចេះ​ត្អូញត្អែរ​ឡើយ។ ករណីកិច្ច​ណា​មួយដែល​គេ​ត្រូវ​ធ្វើ​ដោយ​កាយ​ក្ដី ដោយ​វាចា​ក្ដី ដោយ​ចិត្ត​ក្ដី អាច​សម្រេច​ទៅ​បាន​ដោយ​កម្លាំង នៃ​សេចក្ដី​ព្យាយាម​ទាំង​អស់។ ឥរិយាបទ​ទាំង​៤ គឺ​ការ​ដើរ ឈរ អង្គុយ ដេក ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ទៅ​បាន ដ៏​ដោយ​គុណានុភាព​នៃ​សេចក្ដី​ព្យាយាម​ដែរ។ សម្ដេច​ព្រះសង្ឃរាជ ព្រះអង្គ​មាន​វីរិយបារមី​ដ៏​បរិបូណ៌​ណាស់ សូម្បី​សម្ដេច​ដែល​មាន​ព្រះ​ជន្ម​៨៦​ឆ្នាំ​ហើយ ក៏​នៅ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ​ឥត​មាន​បន្ធូរបន្ថយ​ព្រះកាយពល​ឡើយ។ ដូច​យ៉ាង​ព្រះអង្គ​ចាប់​ធ្វើ​វចនានុក្រម​ខ្មែរ ទ្រង់​ឥត​មាន​សំចៃ​កម្លាំង និង​ពេល​វេលា​ទេ។ សម្ដេច​យក​ពេល​យប់​ធ្វើ​ជា​ថ្ងៃ យក​ពេល​ថ្ងៃ​ធ្វើ​ជា​យប់ ខំ​ប្រឹង​សរសេរ​រៀបរៀង តាំង​ពី​ព្រលប់​រហូត​ដល់​ភ្លឺ​ក៏​មាន លុះ​ទ្រង់​សោយ​យាគូ​រួច ចាប់​សរសេរ​ត​ទៅ​ទៀត ទាល់​តែ​ដល់​ពេល​ម៉ោង​១១​ក៏​មាន។ ក្នុង​រយៈ​វេលា​យប់​មួយ សម្ដេច​ទ្រង់​បាន​ផ្ទុំ​ក្នុង​រវាង​៤ ឬ​៥​ម៉ោង​ប៉ុណ្ណោះ។ ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ព្យាយាម នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ជា​ការ​កម្រ​មនុស្ស​ធ្វើ​បាន​ណាស់។ ២. បដិភាណប្បញ្ញា “បញ្ញា​វាងវៃ” ប្រាជ្ញា​សំដៅ​យក​ការ​ចេះ​ដឹង​យល់​ទូទៅ ឬ​ការ​យល់​ច្បាស់លាស់​ចំពោះ​ហេតុការណ៍​ផ្សេង​ៗ​តាម​ធម្មតា។ ដែល​លោក​ហៅ​ថា “បដិភាណប្បញ្ញា” នោះ សំដៅ​យក​ប្រាជ្ញា​ដែល​កើត​ឡើង​ភ្លាម​ៗ ហើយ​អាច​ឆ្លើយ​តប​វិញ​បាន​ភ្លាម មិន​បាច់​គិតគូរ​អស់​វេលា​យូរ​ទេ។ ប្រាជ្ញា​របស់​សម្ដេច​កើត​ឡើង​រហ័ស​ក្នុង​ពេល​ដែល​គេ​ចោទ​សួរ ឬ​និយាយ​ឲ្យ​ឮ​ភ្លាម​ក៏​អាច​ដឹង​ទាន់​ចាប់​ភ្លឹក​នឹក​ឃើញ ឆ្លើយ​វិញ​បាន​ភ្លាម ហាក់​ដូច​ជា​បាន​គូស​ដៅ​ទុក​យូរ​ហើយ។ ប្រាជ្ញា​ស្មារតី​រហ័ស​វាងវៃ ប្រកប​ដោយ​សមត្ថភាព ឆាប់​យល់​ហេតុការណ៍​គ្រប់​យ៉ាង ដែល​អាច​ដឹង​ទាន់​ភ្លាម​ៗ ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ ហៅ​ថា “បដិភាណប្បញ្ញា”។ សម្ដេច​ព្រះសង្ឃរាជ មាន​បដិភាណប្បញ្ញា​នេះ​បរិបូណ៌​ណាស់ ដូច​យ៉ាង សម្ដេច​ដែល​បាន​ទ្រង់​យាង​ទៅ​កាន់​ទី​ប្រជុំ​ណា​មួយ ដែល​មាន​សមាជិក​ជាន់​ខ្ពស់ ហើយ​គេ​ត្រូវ​សាកសួរ​និយាយ​ពិភាក្សា​ការណ៍​ជា​ចាំបាច់ ដែល​ទាក់ទង​មក​លើ​សម្ដេច​ភ្លាម ទ្រង់​ក៏​អាច​ឆ្លើយ​ដោះស្រាយ​ទាន់​បាន​ភ្លាម​វិញ​ដែរ។ ៣. វេសារជ្ជប្បញ្ញា “បញ្ញា​អង់អាច ក្លៀវក្លា” ភាព​នៃ​ប្រាជ្ញា​អង់អាច​ក្លៀវក្លា​នេះ ជា​គុណ​សម្បត្តិ​មួយ​ដ៏​ប្រសើរ​របស់​មនុស្ស។ ប្រាជ្ញា​របស់​សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​របស់​យើង រាប់​ថា​ជា​ប្រាជ្ញា​មួយ​ដ៏​ខ្ពង់ខ្ពស់ អាច​ពោល​បាន​ថា សម្ដេច​មាន​វេសារជ្ជប្បញ្ញា​គ្រប់គ្រាន់ ព្រោះ​ព្រះអង្គ​បាន​ទទួល​ព្រះកិត្តិនាម​ដ៏​ខ្ចរខ្ចាយ​ទៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ដូច​យ៉ាង​សម្ដេច​ទ្រង់​យ៉ាង​ទៅ​កាន់​ទី​ប្រជុំ​ធំ​ៗ​ក្នុង​ប្រទេស​ដទៃ​ ព្រះអង្គ​តែង​បន្លឺ​សីហនាទ ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ក្លៀវក្លា អង់អាច​ឥត​ញាប់ញ័រ​តក់ស្លុត​ចំពោះ​ទី​ប្រជុំ​នោះ​ឡើយ។ ប្រាជ្ញា​ដែល​ក្លៀវក្លា​អង់អាច ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ​ហៅ​ថា “វេសារជ្ជប្បញ្ញា”។ ៤. ធម្មទេសនាកោសល្យ “ក្លារ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា” ភាព​នៃ​ការ​ឈ្លាសវៃ​មាន​ច្រើន​យ៉ាង គឺ​ឈ្លាសវៃ​ក្នុង​អំពើ​បាប​ក៏​មាន ក្នុង​អំពើ​បុណ្យ​ក៏​មាន​ឈ្លាសវៃ​ក្នុង​អំពើ​ឥត​ប្រយោជន៍​ក៏​មាន ក្នុង​អំពើ​មាន​ប្រយោជន៍​ក៏​មាន។ ការ​ឈ្លាសវៃ​ក្នុង​ទី​នេះ​សំដៅ​យក​ហេតុការណ៍​ដែល​មាន​ប្រយោជន៍​ចំពោះ​មនុស្ស ​ក្នុង​បច្ចុប្បន្ន និង​ក្នុង​អនាគត។ ដែល​ហៅ​ថា “ធម្មទេសនាកោសល្យ” សំដៅ​យក​ការ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា។ សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា​ដោយ​ គ្រប់គ្រាន់។ ធម្មទេសនា​នៃ​សម្ដេច​ប្រកប​ដោយ​ប្រយោជន៍​ទាំង​ផ្លូវ​លោក ទាំង​ផ្លូវ​ធម៌ អាច​បំភ្លឺ​ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ផ្លូវ​ខុស ផ្លូវ​ត្រូវ ឲ្យ​ជឿជាក់​ចំពោះ​ជាតិ សាសនា និង​ព្រះ​រាជ​បល្ល័ង្ក។ ព្រះធម្មទេសនា នៃ​សម្ដេច​ព្រះសង្ឃរាជ​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​មួយ​ដ៏​ស្ដុកស្ដម្ភ​អាច​ បំភ្លឺ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ព្យាយាម មាន​ជំហរ​រឹងប៉ឹង ឲ្យ​ប្រឹងប្រែង​ប្រកប​ការងារ​កុំ​ឲ្យ​ខ្ជិលច្រអូស ឲ្យ​មាន​ធម៌សាមគ្គី មូលមិត្ត​ជា​ឯកភាព​ក្នុង​រវាង​ជាតិ សាសនា និង​ព្រះរាជ​បល្ល័ង្ក​របស់​យើង ដើម្បី​ឲ្យ​ខ្ពង់ខ្ពស់​ថ្កើង​រុងរឿង​ត​ទៅ​អនាគត។ ធម្មទេសនា​នៃ​សម្ដេច ឈ្មោះ​ថា​ជា​ធម្មទេសនា​ទ្រោល​បំភ្លឺ​ពុទ្ធ​បរិស័ទ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ ប្រយោជន៍​គ្រប់​យ៉ាង បំភ្លឺ​ទាំង​ខាង​គុណសម្បត្តិ ទាំង​គុណ​វិបត្តិ ជា​ធម្មទេសនា​ប្រកប​ដោយ​មធ្យោបាយដ៏​ប្រសើរ​វិសេស អាច​ដឹក​នាំ​ចង្អុល​បង្ហាញ​ប្រយោជន៍​បច្ចុប្បន្ន និង​ប្រយោជន៍​អនាគត ហៅ​ថា​ជា​ព្រះ​ធម្មួទេសនា​ដាស់​ពុទ្ធ​បរិស័ទ​ឲ្យ​ភ្ញាក់​ខ្លួន​ក្រោក​ឡើង ប្រកប​ការងារ​ដើម្បី​ឲ្យ​មាន​ជីវភាព​ខ្ពង់ខ្ពស់​ឲ្យ​សមគួរ​ដល់​កិត្តិយស​ របស់​យើង​រាល់​គ្នា ជា​ប្រជាពលរដ្ឋ​របស់​ប្រទេស​ឯករាជ្យ​ ឲ្យ​ចេះ​ឈឺឆ្អាល​ស្រឡាញ់​ជាតិ សាសនា និង​ព្រះរាជ​បល្ល័ង្ក​របស់​យើង។ សម្ដេច​ព្រះសង្ឃរាជ មាន​ធម្មទេសនា​កោសល្យ​ដ៏​បរិបូណ៌។ ធម្មទេសនា​របស់​សម្ដេច​គួរ​រាប់​ថា​ជា​ធម្មទេសនា​យឺតយោង ស្រោចស្រង់​ប្រជាពលរដ្ឋ​ឲ្យ​មាន​សតិសម្បជញ្ញៈ​រឹងប៉ឹង បរិបូណ៌​ឡើង​ទាំង​ផ្លូវ​ពុទ្ធចក្រ និង​ផ្លូវ​អាណាចក្រ ដើម្បី​ឲ្យ​ចក្រ​ទាំង​ពីរ​វិល​លឿន​ទៅ​ស្មើ​គ្នា។ ធម្មទេសនា​របស់​សម្ដេច​គួរ​លើក​ថា ជា​ធម្មទេសនា​បើក​លោក គឺ​ប្រទេស​កម្ពុជា​ទាំង​មូល​ឲ្យ​មាន​ប្រាជ្ញា​ស្មារតី​ភ្លឺ​ស្វាង រុង​រឿង​ឡើង​ដោយ​ពិត ដែល​អាច​ផ្ដល់​មធ្យោបាយ​ដ៏​ប្រសើរ ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់​ខ្លួន​ប្រាណ​ចេះ​ជួយ​ខ្លួន​ដោយ​ខ្លួន​ឯង។ សម្ដេច​ព្រះសង្ឃរាជ ជា​ព្រះធម្មកថិក​មួយ​ព្រះអង្គ​យ៉ាង​ឯក ពុំ​មាន​ព្រះធម្មកថិក​ណា​មួយ​ប្រៀប​ស្មើ​បាយ​ឡើយ។ ធម្មទេសនា​ដែល​ពីរោះ​ក្បោះក្បាយ​ប្រកប​ដោយ​ពាក្យ​ពេចន៍ ប្រយោគ​មាន​ប្រធាន​មាន​របៀប​រៀបរយ មាន​កម្រង​នៃ​ពាក្យ​សម្ដី​ដ៏​ត្រឹមត្រូវ​ឥត​ឃ្លៀងឃ្លាត ភ្លាំងភ្លាត់​ទាំង​ប្រកប​ដោយ​ឧត្ដមគតិ ដៅ​ចំពោះ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​អនាគត​ដូច​សេចក្ដី​អធិប្បាយ​មក​នេះ​ហៅ​ថា “ធម្មទេសនាកោសល្យ”។ ៥. បណីត​សកម្មភាព “សកម្មភាព​ដ៏​ប្រសើរ” ការងារ​របស់​សម្ដេច​ព្រអសង្ឃរាជ សុទ្ធ​តែ​ជា​ការងារ​មាន​ប្រយោជន៍​ដ៏​ឧត្ដុងឧត្ដម ចំពោះ​ពុទ្ធ​បរិស័ទ ពុំ​មាន​ការងារ​ណា​មួយ ដែល​ឥត​ប្រយោជន៍​នោះ​ទេ។ សម្ដេច​បាន​ធ្វើ​បុណ្យ​ផ្សេង​ៗ​ជា​ច្រើន​ដង​ណាស់ មាន​កឋិន​ទាន​ជា​ដើម ក្នុង​ឆ្នាំ​នីមួយ​ៗ​បាន​ធ្វើ​កឋិន​២ ឬ​៣​វត្ត រៀង​រាល់​ឆ្នាំ ឥត​ដែល​ខាន​ឡើយ។ កិច្ចការ​របស់​សម្ដេច​សុទ្ធ​តែ​មាន​គោលដៅ​ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ សេចក្ដី​ចម្រើន ទាំង​លោក​នេះ ទាំង​លោក​ខាង​មុខ​ដោយ​ពិត​ប្រាកដ សឹង​មាន​ភ័ស្តុតាង​យ៉ាង​ជាក់លាក់​ក្នុង​ព្រះរាជ​ជីវ​ប្រវត្តិ​នេះ។ ចូរ​មើល​បរិច្ឆេទ​នៃ​ព្រះរាជ​ជីវ​ប្រវត្តិ​ត្រង់​បរិច្ឆេទ​ទី​៥ ទី​៦ និង​ទី​១០។ សម្ដេច​មាន​ព្រហ្មវិហារ​ដ៏​ទូលាយ សង្គ្រោះ​ដល់​សាធារណជន​មិន​ត្បិតត្បៀត​ពេក​ឡើយ កិច្ចការ​ដែល​ចេះ​តែ​មាន ចេះ​តែ​ដើរ​ទៅ​ស្រួល មិន​ចេះ​ឈប់ មិន​ចេះ​គាំង នៅ​ថែម​ទាំង​មាន​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់ ហៅ​ថា “បណីត​សកម្មភាព”។ សកម្មភាព​របស់​សម្ដេច​ព្រះសង្ឃរាជ ប្រកប​ដោយ​ហេតុ​ផល​ល្អ​ណាស់ អាច​បង្ហាញ​ជា​ឧទាហរណ៍​មួយ ដើម្បី​បញ្ជាក់​វរជន បញ្ញវន្ត​ទាំង​សម័យ​ចាស់ សម័យ​ថ្មី​ដែល​គួរ​ជា​ទិដ្ឋានុគតិ (ការ​យក​តម្រាប់​តាម) បាន​ដោយ​ពិត ដោយ​ហេតុ​ដែល​ឃើញ​រូបរាង កិច្ចការ​ជា​ភ័ស្តុតាង​ផង ទ្រឹស្ដី​ការងារ​ដ៏​ប្រសើរ​យ៉ាង​នេះ​ផង​ទើប​ហៅ​ថា “បណីត​សកម្មភាព”។ ចរិត​ប្រក្រតី​នៃ​សម្ដេច​ព្រះសង្ឃរាជ ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយ វាចា ចិត្ត​គ្រប់​ពេល​វេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា “ចរិត​ប្រក្រតី”។ ដូច​យ៉ាង​សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម ហៅ​ថា ចរិត​គ្រោតគ្រាត។ ការ​និយាយ​កុហក​លេង​ចំពោះ​មិត្ត​សំឡាញ់ យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់​មាត់​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​កុហក។ ការ​ជក់​បារី ដើម​ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់​បារី។ ការ​ដេក​ថ្ងៃ ដើម​ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗ​ទៅ​ក៏​អាច​ក្លាយ​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​ដេក​ថ្ងៃ។ ការ​ប្រព្រឹត្តិ​ទាល់​តែ​ជាប់​ប្រយោគ ដែល​អាច​លះ​ចេញ​បាន​ដោយ​កម្រ ដូច្នេះ​ហៅ​ថា “ចរិត​ប្រក្រតី” សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ក៏​មាន​ចរិត​ប្រក្រតី​ដែរ ប៉ុន្តែ​ចរិត​របស់​សម្ដេច​ជា​ចរិត​ធូរ​ស្រាល ពុំ​មែន​នាំ​ឲ្យ​ខូចខាត​ពេល​វេលា ខូចខាត​ប្រយោជន៍​នោះ​ឡើយ។ មនុស្ស​ខ្លះ​មាន​ចរិត​ប្រក្រតី​ជាប់ជោក​ធ្ងន់​ណាស់ ដូច​យ៉ាង​ចរិតប្រក្រតី​ផឹក​ស្រា​ទាល់​តែ​កឹកជាប់ ដែល​អាច​លះបង់​ចេញ​មិន​បាន។ ចរិត​ប្រក្រតី​បែប​នេះ ឈ្មោះ​ថា​ជា​ចរិត​នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត​ខ្លួន​ឯង ទាំង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។ ការ​ជក់​អាភៀន ក៏​អាច​នាំ​ឲ្យ​ជាប់​ញៀន លះ​ចេញ​បាន​ដោយ​កម្រ​ណាស់។ ការ​ញៀន​អាភៀន​នេះ ហៅ​ថា ចរិត​ប្រក្រតី​ជក់​អាភៀន។ មនុស្ស​អ្នក​មាន​ចរិត​បែប​នេះ នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត ទាំង​ទ្រព្យ​សម្បត្តិ ជាង​ចរិត​អ្នក​ផឹក​សុរា​ច្រើន​ណាស់​ទៅ​ទៀត។ ចរិត​ប្រក្រតី​នៃ​សម្ដេច​ព្រះសង្ឃរាជ ១. ព្រះអង្គ​សោយ​ស្លា​ម្លូ ជា​ញឹក​ញយ​ណាស់​ក្នុង​ថ្ងៃ​នីមួយ​ៗ មិន​សោយ​បារី។ ប៉ុន្តែ​លោក​អ្នក​ធ្លាប់​ដឹង​ឃើញ​និយាយ​ថា សម្ដេច​ព្រះសង្ឃរាជ កាល​ពី​ព្រះជន្ម​រវាង​២០​ឆ្នាំ រហូត​ដល់​ព្រះជន្ម​ជាង​៣០​ឆ្នាំ ឃើញ​សម្ដេច​សោយ​បារី​ដែរ ប៉ុន្តែ​សោយ​រង្វើល​ៗ​មិន​ញឹកញាប់​ទេ លុះ​ដល់​មក​ព្រះជន្ម​រវាង​៤០​ឆ្នាំ ទើប​សម្ដេច​សោយ​ស្លា​ម្លូ​កាន់​តែ​ញឹកញាយ​ឡើង​ដរាប​មក។ ២. សម្ដេច កាល​បើ​មាន​រោគ​ផ្ដាសាយ ដែល​នាំ​ឲ្យ​តឹង​ច្រមុះ និង​ក្អក​ដោយ​រោគ​ផ្ដាសាយ​នោះ ច្រើន​តែ​ឃើញ​សម្ដេច​សោយ​ថ្នាំ​ចិន​ញាត់​ខ្សៀ ហើយ​សម្ដេច​មាន​បន្ទូល​ថា រោគ​ផ្ដាសាយ​នេះ​បាន​តែ​ជក់​ថ្នាំ​ចិន ទើប​ឆាប់​ជា​សះ​ស្បើយ ថ្នាំ​ចិន​នេះ​នាំ​ឲ្យ​ជា​ឫស​ដូង​ច្រមុះ​ថែម​ទៀត។ ៣. សម្ដេច​មាន​ចរិត​ប្រក្រតី ក្នុង​ការ​សោយ​ក្រយាហារ ច្រើន​តែ​សព្វ​ព្រះទ័យ​នឹង​សម្ល​ស្រឡក់ ប្រហើរ និង​កកូរ ពុំ​សូវ​សោយ​សាច់​ឈាម​ទេ។ ម្ហូប​៣​មុខ​ខាង​លើ​នេះ ច្រើន​តែ​ឲ្យ​គេ​ស្ល​នឹង​ត្រី​ឆ្អើរ បើ​ពុំ​មាន​ម្ហូប​នេះ​ទេ ច្រើន​សព្វ​ព្រះទ័យ​ម្ហូប​ក្រៀមក្រោះ មាន​បុក​ត្រី​ឆ្អើរ ម្ជូរ​ក្រសាំង ឬ​ផ្លែ​ម្កាក់​ជា​ដើម។ សម្ដេច ពុំ​សូវ​សោយ​បង្អែម​ច្រើន​ទេ សោយ​តែ​បន្ដិចបន្តួច មិន​សូវ​សោយ​កាហ្វេ ទឹក​ក្រូច ទឹក​ម៉ាណាត់​ញឹកញាយ​ទេ សោយ​តែ​ទឹក​តែ និង​ស្ករ​ស។ ៤. សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​នឹង​កូន​ឈើ​ផ្សេង​ៗ ដែល​មាន​មែក​ច្រើន ដូច​យ៉ាង​ដើម​ច្រកែង ទួយ រទាំង​ជា​ដើម យក​មក​ដាំ​ដាក់​ក្នុង​ផើង​ជា​ច្រើន ចំនួន​ជាង​១០០​ផើង។ ៥. ដើម​ឈើ​ឯ​ទៀត​ៗ ជា​ឈើ​ដំណាំ​ស្រុក​ក្ដី ឈើ​ក្នុង​ព្រៃ​ក្ដី សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ដាំ​ច្រើន​ណាស់ ដូច​ឈើ​ក្នុង​របង​ឈាបនដ្ឋាន​វត្ត​ឧណ្ណាលោម និង​ឈើ​វត្ត​ពោធិព្រឹក្ស។ កម្មវិធី​ប្រចាំ​ថ្ងៃ​របស់​សម្ដេច កម្មវិធី​របស់​សម្ដេច​ទៀងទាត់​ចំពោះ​ត្រង់​តែ​សោយ​ក្រយាហារ​ពេល​ថ្ងៃ​ ត្រង់ ហើយ​នឹង​ពេល​ដែល​ធ្វើ​ការ ដូច​យ៉ាង​សម្ដេច​សរសេរ​ដក​ស្រង់​ធម៌​អាថ៌​រៀបចំ​ធ្វើ​សៀវភៅ​ផ្សេង​ៗ មាន​វចនានុក្រម​ខ្មែរ​ជា​ដើម​នេះ ទៀងទាត់​រៀងរាល់​យប់​ទាល់​ៗ​ភ្លឺ រវាង​ម៉ោង​៦​កន្លះ ឬ​ម៉ោង​៧ ទើប​សោយ​យាគូ ជួន​កាល​ពេល​ព្រឹក មិន​ទាំង​សោយ​យាគូ​ថែម​ទៀត ឃើញ​ថា​ពេល​យាគូ​ពុំ​សូវ​ទៀងទាត់​ទេ។ ពេល​ដែល​សម្ដេច​កំពុង​ជាប់​ព្រះហស្ថ​សរសេរ ហើយ​មាន​ភ្ញៀវ​ចូល​មក​ថ្វាយ​បង្គំ​គាល់ សម្ដេច​ក៏​ចូល​មក​គាល់​ធ្វើ​បដិសណ្ឋារៈ​ភ្លាម​ៗ ហើយ​មិន​ឲ្យ​នៅ​យូរ​ទេ ព្រោះ​មាន​កិច្ចការ​ច្រើន​ណាស់ បើ​ថ្ងៃ​ណា​មួយ​ដែល​សម្ដេច​ទំនេរ​មិន​មាន​កិច្ចការ ហើយ​មាន​ភ្ញៀវ បព្វជិត ឬ​គ្រហស្ថ​ចូល​មក​ថ្វាយ​បង្គំ​គាល់​នោះ សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ប្រាស្រ័យ​ទាក់ទង ដោយ​ព្រះរាជ​ឱង្ការ​សាកសួរ​ពី​នេះ ពី​នោះ ហើយ​ទ្រង់​ដឹក​នាំ​បំភ្លឺ​អំពី​ផ្លូវ​លោក ផ្លូវ​សាសនា​យ៉ាង​ពិស្ដារ វែង​ឆ្ងាយ​ណាស់​អស់​៤-៥​ម៉ោង​ក៏​មាន ទាល់​តែ​ភ្លឺ​ក៏​មាន មិន​ចេះ​ត្អូញ​ថា​ងងុយ​សឹង ថា​ចុក​រួយស្រពន់​ទេ ឲ្យ​តែ​ភ្ញៀវ​នោះ​ទ្រាំ​អង្គុយ​ចូល​ចិត្ត​ស្ដាប់​ចុះ។ ការណ៍​នេះ ចំពោះ​តែ​ពេល​ណា​មួយ​ដែល​សម្ដេច​មាន​ព្រះ​សុខភាព​រាង​កាយ​ស្រួល​ល្អ។ ក្នុង​ថ្ងៃ​យប់​នីមួយ​ៗ សម្ដេច​ព្រះសង្ឃរាជ ចេះ​តែ​មាន​កម្មវិធី​ជានិច្ចកាល ដូច​យ៉ាង​កាល​សម្ដេច​នៅ​ក្នុង​រវាង​ព្រះជន្ម​៣០​ឆ្នាំ រហូត​ដល់​មក​ព្រះជន្ម​ជាង​៦០​ឆ្នាំ ក៏​នៅ​តែ​ខំ​ប្រឹង​បង្រៀន​ភិក្ខុ សាមណេរ​ចំនួន​២០ ឬ​៣០​អង្គ​ក្នុង​ពេល​យប់​ៗ ចំពោះ​ភិក្ខុ សាមណេរ នៅ​ក្នុង​កុដិ​របស់​ព្រះ​អង្គ​ខ្លះ មក​ពី​កុដិ​ដទៃ​ខ្លះ។ សម្ដេច​មាន​កម្មវិធី​ចំពោះ​ពេល​បង្រៀន​នោះ​ទៀងទាត់​ណាស់ កម្មវិធី​ដែល​ត្រូវ​បង្រៀន​ក្នុង​សាលា​បាលី​ជាន់​ខ្ពស់ ដែល​ឥឡូវ​នេះ​ហៅ​ថា​ពុទ្ធិក​វិទ្យាល័យ​សុរាម្រឹត​ផង កម្មវិធី​បង្រៀន​ក្នុង​ពេល​យប់​ឯ​កុដិ​នោះ​ផង។ អព្ភូត​ហេតុ​មុន​ពេល​ដែល​ព្រះសង្ឃរាជ​ព្រះអាពាធ នៅ​ថ្ងៃ​ពុធ ១៣​រោច ខែ​ស្រាពណ៍ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​១៩៦៩ សម្ដេច​ព្រះសង្ឃរាជ​មាន​ព្រះ​ឱង្ការ​ថា​ “ខ្ញុំ​ពី​យប់​មិញ​សុបិន​និមិត្ត​មួយ​ចំឡែក​ណាស់ គឺ​ឃើញ​ចេតិយ​ពីរ​លើ​អាកាស មក​អំពី​ទិស​ឦសាន​តម្រង់​មក​រក​ខ្ញុំ​ដែល​កំពុង​អង្គុយ​នៅ​យ៉​កុដិ​ខាង​មុន​ ចេតិយ​នោះ មាន​ពណ៌​ដូច​មាស លុះ​អណ្ដែត​ចូល​មក​ជិត ឃើញ​ចេតិយ​នោះ​កាន់​តែ​តូច ហើយ​បាត់​មួយ នៅ​តែ​មួយ​អណ្ដែត​មក​ជិត​អាត្មា អាត្មា​ក៏​លូក​ដៃ​ទៅ​ទ្រ​ចេតិយ​នោះ រួច​ក៏​ភ្ញាក់​ខ្លួន​ព្រឺត​ឡើង ក្នុង​ពេល​ជិត​ភ្លឺ​រវាង​ម៉ោង​៤។ ព្រះ​ឱង្ការ សម្ដេច​ព្រះសង្ឃរាជ​នេះ ក្នុង​ពេល​ប្រជុំ​សង្ឃ ដើម្បី​តាំង​គណៈ​កម្មការ​ធម្មវិន័យ ក្នុង​ថ្ងៃ​២​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ឆ្នាំ​១៩៦៩។ បន្ទាប់​មក​ទៀត​សម្ដេច​មាន​ព្រះ​ឱង្ការ​ថា អង្គការ​ធម្មវិន័យ​របស់​យើង​នៅ​ខ្វះ​សៀវភៅ​ធម៌​ជា​ច្រើន​មុខ ព្រោះ​ហេតុ​នោះ​យើង​ត្រូវ​តាំង​គណៈ​កម្មការ​ជា​ថ្មី​ទៀត ដើម្បី​ប្រជុំ​គ្នា​រៀប​ចំ​ធ្វើ​សៀវភៅ​ធម៌ ត្រូវ​ដក​ស្រង់​ធម៌វិន័យ អំពី​បាលី និង​អដ្ឋកថា មក​រៀបរៀង​អត្ថាធិប្បាយ តម្រូវ​តាម​ថ្នាក់​ត្រី ទោ ឯក។ “ត្រង់​ដែល​អាត្មា​យល់​សប្ដិ​ឃើញ​ចេតិយ​នោះ ប្រហែល​ជា​និម្មិត្ត​មួយ​ប្រផ្នូល​ឲ្យ​យើង​ដឹង​ថា​គណៈ​កម្មការ​ធម្មវិន័យ​ របស់​យើង នឹង​បាន​សម្រេច​ដោយ​ល្អ”។ ព្រះ​សុបិន​និមិត្ត នៃ​សម្ដេច​ដែល​ឃើញ​ចេតិយ​មួយ​គូ​នេះ ទុក​ជា​អព្ភូត​ហេតុ​មួយ​ដ៏​អស្ចារ្យ​ចម្លែក​ណាស់។ អព្ភូត​ហេតុ​មួយ​ទៀត នៅ​ថ្ងៃ​១៣​កើត និង​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ និង​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩ នៅ​វេលា​យប់​ពី​ម៉ោង​២០​ទៅ​ម៉ោង​២២ ឃើញ​ព្រះ​ច័ន្ទ​មាន​រស្មី​លឿង ខៀវ ក្រហម មាន​រង្វង់​មូល​ព័ទ្ធ​ជុំវិញ​ព្រះ​ច័ន្ទ ដែល​យើង​ធ្លាប់​ហៅ​ថា​ព្រះ​ច័ន្ទ​បាំង​ឆ័ត្រ។ ជីវិតាវសាន​បរិច្ឆេទ (កំណត់​អំពី​ទី​បំផុត​នៃ​ព្រះ​ជីវិត) រាប់​តាំង​ពី​ថ្ងៃ​១៣​រោច ខែ​ស្រាពណ៍ ជា​ថ្ងៃ​ដែល​ទ្រង់​ឃើញ​សុបិន​និម្មិត្ត រហូត​មក​ដល់​ថ្ងៃ​១២​កើត ខែ​ភទ្របទ គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កញ្ញា មក​ដល់​ថ្ងៃ​ទី​២៣ កញ្ញា ត្រូវ​ជា​១៤​ថ្ងៃ គឺ​សម្ដេច​ចាប់​មាន​អាពាធ ក្នុង​ថ្ងៃ​១២​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​១៩៦៩ វេលា​ម៉ោង​១៥ និង​៤៥​នាទី។ ព្រះសង្ឃ​ដែល​ធ្លាប់​ចូល​គាល់​បម្រើ​ព្រះអង្គ នាំ​គ្នា​អង្គុយ​នៅ​ក្រៅ​បន្ទប់​ក្រឡា​ព្រះ​បន្ទំ ស្រាប់​តែ​ឮ​សូរ​កណ្ដឹង​រោទ៍​ប្លែក​ពី​ធម្មតា ក៏​នាំ​គ្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​ភ្លាម។ គ្រា​នោះ​សម្ដេច​មាន​ព្រះ​ឱង្ការ​ថា “អាត្មា​ចុក​ទ្រូង​ណាស់!”។ ក្នុង​ពេល​នោះ ព្រះសង្ឃ​ដែល​នៅ​កំដរ​នោះ ក៏​ជំនុំ​ពិគ្រោះ​គ្នា​ឲ្យ​ព្រះ​សិរិវិសុទ្ធ ម៉ី យ៉ាំ និយាយ​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ក្រសួង​ធម្មការ។ គ្រូ​ពេទ្យ​ជា​ច្រើន​នាក់ គឺ​លោក វេជ្ជបណ្ឌិត ថោ ប៉េងថុង, មី សាម៉ឺឌី, យូ គឹមយាន, ព្រំ ភួន, រស សារី, និង​លោក​វេជ្ជបណ្ឌិត ម៉ា ហ្សូ ជាតិ​បារាំង ក៏​បាន​មក​ជា​បន្ទាប់​គ្នា ពិនិត្យ​ឃើញ​ថា​អាការ​រោគ​នៃ​សម្ដេច​មិន​ទាន់​ធ្ងន់ធ្ងរ​ប៉ុន្មានទេ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ក្រសួង​សុខាភិបាល​ក៏​បាន​ចាត់​លោក​គ្រូ​ពេទ្យ យូ គឹមយាន និង​លី គឹមសាន ឲ្យ​មក​នៅ​រក្សា​ព្រះរោគ​ប្រចាំ​ការ ប្រកប​ឱសថ​ថ្វាយ​ជា​ដរាប​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​២៥ កញ្ញា ១៩៦៩ វេលា​ម៉ោង​២០​និង​២០​នាទី ស្រាប់​តែ​ព្រះ​អស្សាសៈ បស្សាសៈ នៃ​ព្រះ​អង្គ​រលត់​ស្ងប់​ឈឹង អំពី​ព្រះ​កាយ​ទ្រង់​សោយ​ទិវង្គត ក្នុង​គម្រប់​ព្រះជន្ម​៨៦​ព្រះ​វស្សា នៅ​លើ​ព្រះ​ទែន​សយនា ដោយ​ស្ងប់ស្ងៀម​នា​ល្វែង​ធំ នៅ​ក្នុង​ព្រះ​រាជ​ដំណាក់​ព្រះអង្គ កណ្ដាល​ពួក​ថេរានុត្ថេរៈ មាន​ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម នា​វត្ត​ឧណ្ណាលោម។ ក្នុង​ពេល​ដែល​សម្ដេច​ព្រះសង្ឃរាជ​សោយ​ទិវង្គត​ភ្លាម​នោះ ព្រះសង្ឃ​ច្រើន​អង្គ មាន​ព្រះ​សិរិវិសុទ្ធ ម៉ី​យ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម ព្រម​ទាំង​លោក ម៉ា អុក គិលានុបដ្ឋាក ក៏​នៅ​កំដរ​ជាមួយ​ដែរ មាន​ចិត្ត​រំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរ​ភាន់​ភាំង​ស្មារតី បាន​ចាត់​ការ​ផ្សាយ​ដំណឹង​ទិវង្គត ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ភ្លាម អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់ សម្ដេច​ព្រះ​ពោធិវ័ង្ស។ ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ ក៏​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ព្រះរាជ​ដំណាក់​ចម្ការមន ទៅ​ក្រសួង​ធម្មការ ទៅ​សាលា​ក្រុង ទៅ​ស្នងការដ្ឋាន​ប៉ូលីស​ភ្លាម លោក​អង្គ​ខ្លះ​ក៏​យក​ដំណឹង​ទៅ​វត្ត​ឯ​ទៀត​ៗ​ក្នុង​ក្រុង​ភ្នំពេញ។ បន្ទាប់​ពី​បាន​ដំណឹង​នៃ​ការ​សោយ​ព្រះទិវង្គត​នៃ​សម្ដេច​ព្រះសង្ឃរាជ​ជា​ អម្ចាស់​ភ្លាម ក្នុង​រាត្រី​នោះ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​ស្ដេច​យាង​រលះរលាំង​មក​កាន់​មហា​កុដិ​ វត្ត​ឧណ្ណាលោម​ភ្លាម ដើម្បី​ក្រាប​ថ្វាយ​បង្គំ​ព្រះ​បរម​សព។ សម្ដេច​ព្រះ​ពោធិវ័ង្ស ក៏​និមន្ត​មក​គង់​នៅ​ជិត​ព្រះ​បរម​សព តាំង​ពី​ពេល​មុន​សម្ដែង​ព្រះ​សមាន​ទុក្ខ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​បរម​ សព។ ដំណាល​គ្នា​នេះ សម្ដេច​ព្រះ​មហាក្សត្រីយានី ជា​អម្ចាស់​ជីវិត ក៏​ទ្រង់​ចាត់​អ្នក​អង្គ​ម្ចាស់​នាយក​ក្រសួង​នានា ក្នុង​ព្រះ​បរម​រាជ​វាំង ជា​ព្រះរាជ​តំណាង​មក​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ដែរ ហើយ​ពេល​ជាមួយ​គ្នា​នោះ ឯកឧត្ដម ឧត្ដម​សេនីយ៍​ឯក លន់ នល់ នាយករដ្ឋមន្ត្រី, អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ឧបនាយក​រដ្ឋមន្ត្រី​ទី​១ ព្រម​ទាំង​សមាជិក​រដ្ឋមន្ត្រី ឧកញ៉ា​មហា​មន្ត្រី កែ មាស ចាងហ្វាង​ពិធីការ​ព្រះបរមរាជវាំង និង​មន្ត្រី​នានា​ក្នុង​ព្រះ​បរម​រាជ​វាំង ឧត្ដម​សេនីយ៍​ឯក ង៉ោ ហ៊ូ ទី​ប្រឹក្សា​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ លោក ឌី ទូច រដ្ឋលេខាធិការ​ក្រសួង​ធម្មការ លោក​អ៊ី ទុយ អភិបាល ក្រុង​ភ្នំពេញ ឯកឧត្ដម ទិម ដុង ប្រតិភូ​រាជរដ្ឋាភិបាល​ប្រចាំ​ខេត្ត​កណ្ដាល ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ទាំង​ឡាយ សហជីវិន លាង ហ័បអាន នាយក​វិជ្ជាឋាន​ពុទ្ធសាសនបណ្ឌិត្យ ក្រុម​អភិបាល​ពុទ្ធិក​សមាគម​ទាំង​បី មាន​លោក​ ទា ប៊ុនឡុង ជាដើម។ អស់​លោក​អ្នក​ឥស្សរជន​ធំ​តូច ដែល​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម ក្នុង​វេលា​រាត្រី​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នោះ សុទ្ធ​តែ​មាន​មុខ​ស្រពោន ក្រៀមក្រំ​គ្រប់​ៗ​គ្នា ដោយ​សេចក្ដី​សោក​ស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃលែង បាន​ចូល​មក​សម្ដែង​មរណ​ទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួល​ចំពោះ​ព្រះ​បរម​សព ដោយ​គ្រប់​គ្នា​ទាំង​អស់។ បន្ទាប់​ពី​ពេល​នោះ​មក ព្រះសង្ឃ​ជា​ច្រើន​អង្គ​មាន​ព្រះ​ពុទ្ធឃោសាចារ្យ រាជ កឹង មេ​គណ​ក្រុង​ភ្នំពេញ និង​ព្រះ​មុនីកោសល្យ សូរ ហាយ ចៅ​អធិការ​វត្ត​និរោធរង្សី ជា​ដើម ព្រម​ទាំង​ព្រះ​រាជា​គណៈ និង​ឋានានុក្រម ជា​ច្រើន​រយ​អង្គ​និមន្ត​មក​ព្រោងព្រាត សុទ្ធ​តែ​មាន​មុខ​ក្រៀមក្រំ ស្រងូតស្រងាត់​គ្រប់​ៗ​អង្គ ដោយ​សេចក្ដី​ស្ដាយ​ស្រណោះ​អាឡោះ​អាល័យ ចំពោះ​សម្ដេច​ជា​អង្គ​ម្ចាស់។ លំដាប់​ត​មក​ទៀត ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​២២-២៣ ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ​ ទាំង​បព្វជិត ទាំង​គ្រហស្ថ និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយ​ៗ នាំ​គ្នា​ឈរ​ត្រៀបត្រា ពាស​ពេញ​ដី​បរិវេណ​ព្រះរាជ​ដំណាក់ ទាំង​អស់​លោក​អ្នក​រាជការ​ក្នុង​ក្រុង​ភ្នំពេញ មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជា​ដើម បាន​នាំ​គ្នា​មក​ជា​លំដាប់​លំដោយ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​បរម​សពសុទ្ធ​តែ​មាន​ទឹក​មុខ​ជ្រប់​ស្រពោន​ស្ទើរ​តែ​គ្រប់​ៗ​គ្នា ខ្លះ​មាន​ជល​នេត្រ​ស្រក់​សស្រាក់​រក​ហា​និយាយ​ស្ដី​ពុំ​កើត ពេល​ជា​លំដាប់​មក​ទៀត ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ ទាំង​គ្រហស្ថ បព្វជិត ធ្វើ​ដំណើរ​មក​កាន់​វត្ត​ឧណ្ណាលោម យ៉ាង​ណែនណាន់​តាន់តាប់​រហូត​ទាល់​តែ​ភ្លឺ។ លោក​អ្នក​ខ្លះ​មាន​ទឹក​ភ្នែក​ហូរ​រហាម ហើយ​បន្លឺ​វាចារ​ថ្ងូរ​ថា ឱ! សម្ដេច​ព្រះសង្ឃរាជ ចូល​ទិវង្គត​ហើយ​តើ! សូម្បី​ព្រះ​អង្គ មាន​ព្រះ​ជន្ម​៨៦​ពិត​មែន ប៉ុន្តែ​យើង​ខ្ញុំ​ព្រះ​អង្គ​នៅ​តែ​ស្ដាយ​ស្រណោះ ចង់​ឲ្យ​សម្ដេច​គង់​នៅ​ជាង​រយ​ព្រះ​វស្សា​ដោយ​យើង​ខ្ញុំ​ព្រះ​អង្គ​ធ្លាប់​ ស្ដាប់​ព្រះ​រាជ​ឱវាទ ធ្លាប់​ឃើញ​ធ្លាប់​គោរព​សម្ដេច​ជា​អង្គ​ម្ចាស់ ឥឡូវ​នេះ​ស្រាប់​តែ​សម្ដេច​ជា​អង្គ​ម្ចាស់​ចូល​ទិវង្គត ទៅ​កាន់​បរលោក​នាយ​ចោល​យើង​ខ្ញុំ​ទៅ​ហើយ។ ការ​ចូល​ទិវង្គត​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ នាំ​ឲ្យ​ទូល​ព្រះ​បង្គំ​គ្រប់​រូប​រហេងរហាង ត្រមង់ត្រមោច​ក្នុង​ចិត្ត​អស់​សេចក្ដី​សង្ឃឹម​កក់​ក្ដៅ​ចំពោះ​សម្ដេច​ទៅ​ ហើយ។ សម្ដេច​ព្រះសង្ឃរាជ ដែល​ព្រះ​អង្គ​បាន​យាង​មក​សោយ ព្រះ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ព្រះ​អង្គ​បាន​ធ្វើ​ប្រយោជន៍ ទាំង​ផ្លូវ​ព្រះពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក ទុក​ឲ្យ​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ណាស់ ឈ្មោះ​ថា​ព្រះ​អង្គ​បាន​លើក​ព្រះ​ពុទ្ធ​សាសនា លើក​ប្រទេស​ជាតិ​ឲ្យ​បាន​ថ្កុំថ្កើន​រុង​រឿង រួម​ជាមួយ​នឹង​សម្ដេច​ព្រះ​ឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋ​ដែល​យឹតយោង​ប្រជា​ ពលរដ្ឋ ដោយ​ព្រះ​មធ្យោបាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត ឲ្យ​ប្រទេស​ជាតិ​មាន​ឯកភាព សាមគ្គីភាព សន្តិភាព បាន​ឯករាជ្យ​ដ៏​បរិបូរណ៍ ដូច​សេចក្ដី​ប្រាថ្នា ហើយ​យ៉ាង​ណា​សម្ដេច​ព្រះសង្ឃរាជ មាន​ព្រះរាជ​ជីវ​ប្រវត្តិ​ល្អ​ណាស់ មាន​ព្រះ​បំណង​សម្រេច​ក៏​យ៉ាង​នោះ​ដែរ។ ព្រឹក​ឡើង ថ្ងៃ​១៥​កើត ខែ​ភទ្របទ (២៦ កញ្ញា) អស់​លោក​ឥស្សរជន បាន​ប្រជុំ​តាំង​គណៈ​កម្មការ​មួយ​បណ្ដោះ​អាសន្ន​សម្រាប់​ចាត់​ការ​បុណ្យ​ ព្រះ​បរម​សព​ត​ទៅ។ រយៈ​កាល​មុន​អំពី​កាល​ដែល​សម្ដេច​ទ្រង់​សោយ​ព្រះ​ទិវង្គត សម្ដេច​ព្រះសង្ឃរាជ មាន​ព្រះ​អាពាធ​ជា​ដំបូង​ក្នុង​ថ្ងៃ​អង្គារ ១២​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯកស័ក ត្រូវ​នឹង​ថ្ងៃ​២៣ ខែ​កញ្ញា ឆ្នាំ​១៩៦៩។ ដំណឹង​ព្រះ​អាពាធ​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ បាន​ថ្វាយ​ចំពោះ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​រួច​ហើយ។ ឯកឧត្ដម អ៊ឹង ហុងសាធ តាម​ព្រះរាជ​បញ្ជា​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ បាន​ចាត់​ឲ្យ​អស់​លោក​វេជ្ជបណ្ឌិត​ខ្មែរ បារាំង​ដ៏​ជំនាញ​ៗ​ទាំង​ឡាយ មក​ជួយ​ខ្វល់ខ្វាយ​ព្យាបាល​រោគ​ព្រះអង្គ​យ៉ាង​ពេញ​សមត្ថភាព ប៉ុន្តែ​ធ្វើ​ម្ដេច​ឡើយ​នឹង​អាច​យក​ជ័យ​ជម្នះ​លើ​មច្ចុសង្គ្រាម​បាន។ សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​ទ្រង់​បាន​ជ្រាប​ព្រះអង្គ​ជា​មុន ចាប់​តាំង​ពី​ថ្ងៃ​ប្រឈួន ទ្រង់​មាន​ព្រះ​ឱង្ការ​ប្រាប់​ព្រះសង្ឃ និង​អស់​លោក​ដែល​មក​ថ្វាយ​បង្គំ​សាកសួរ​ព្រះសុខភាព​ថា “អាត្មា​មាន​ជំងឺ​ម្ដង​នេះ ដូច​ជា​គ្មាន​សង្ឃឹម​ទេ” ព្រះរាជ​ឱង្ការ​នេះ ធ្វើ​ឲ្យ​យើង​រាល់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ណាស់ ប៉ុន្តែ​យើង​រាល់​គ្នា​ជឿ​ទុក​ថា ព្រះអង្គ​មុខ​ជា​នឹង​គង់​ព្រះជន្មាយុ​ត​ទៅ​ទៀត​បាន ពីព្រោះ​សង្កេត​ទៅ​ព្រះសរីរាង្គកាយ​ព្រះអង្គ​ ពុំ​ឃើញ​មាន​ប្រែ​ប្រួល​ប្លែក​ប៉ុន្មាន​ទេ ម្យ៉ាង​ទៀត ទ្រង់​នៅ​ចាំ​ព្រះ​ស្មារតី​ល្អ​ណាស់ អាច​មាន​ព្រះ​ឱង្ការ​មាំមួន សំណេះសំណាល​នឹង​អស់​លោក ទាំង​ព្រះសង្ឃ គ្រហស្ថ ដែល​មក​ក្រាប​បង្គំ​គាល់​នោះ បាន​ស្រួល​នៅ​ឡើយ ជា​ពិសេស​កាល​ពី​ព្រឹក​នៃ​ថ្ងៃ​សោយ​ព្រះទិវង្គត​នេះ​ឯកឧត្ដម​នាយក​ រដ្ឋមន្ត្រី នឹង​អ្នក​អង្គ​ម្ចាស់​ឧបនាយករដ្ឋមន្ត្រី​ទី​១ បាន​ចូល​បង្គំ​គាល់​ព្រះអង្គ​ដើម្បី​សាកសួរ​ព្រះរោគ​ព្រះអង្គ​ផង ដើម្បី​ក្រាប​បង្គំ​លា​ព្រះអង្គ​ទៅ​កាន់​បរទេស​តាម​ការ​អញ្ជើញ​នៃ​ សាធារណរដ្ឋ​ចិន​ប្រជាមានិត និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​ផង។ គ្រា​នោះ​ព្រះអង្គ​បាន​ទទួល​រាក់ទាក់ ហើយ​បាន​ប្រសិទ្ធពរ​ជូន​ចំពោះ ឯកឧត្ដម​នាយករដ្ឋមន្ត្រី និង​ថ្វាយ​ចំពោះ​អ្នក​អង្គ​ម្ចាស់ ឧបនាយករដ្ឋមន្ត្រី​ទី​១ សូម​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ក្រៅ​បាន​ជោគជ័យ។ ក្រោយ​មក​ទៀត​សម្ដេច​ក៏​ព្រះរាជទាន​សន្ទនា​ជាមួយ​លោក ឌី ទូច រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​លោក ទ្រិញ វ៉ាញ ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​អំពី​ការ​ធ្វើ​ចេតិយ។ ព្រះអង្គ​ទ្រង់​មាន​ព្រះរាជ​បន្ទូល​ហូរហែ ហើយ​ទ្រង់​និទាន​អំពី​ចេតិយ​ឈ្មោះ សិង្គុត្តរៈ នៅ​សហភាព​ភូមា​ថែម​ទៀត​ផង។ រួច​ព្រះអង្គ​ត្រាស់​រំលឹក​អំពី​ការ​បោះពុម្ព​វចនានុក្រម​ខ្មែរ​ដែល​ទ្រង់​ បាន​ខិតខំ​កែ​សម្រួល​បន្ថែម​ពាក្យ​ជា​ច្រើន​ទៀត ទោះ​បី​ជរា​និង​ព្យាធិ​ចេះ​តែ​បៀតបៀន​ព្រះអង្គ​ក៏​ដោយ។ សភាព​ទាំង​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះអង្គ​នៅ​រឹងប៉ឹង​ណាស់ មិន​គួរ​ឡើយ​នឹង​ប្រែប្រួល​ដោយ​ឆាប់​រហ័ស​ដូច្នេះ​សោះ នាំ​ឲ្យ​យើង​ក្រៀមក្រំ​ស្រងាក​ចិត្ត​ដូច​ជា​យើង​ធ្លាក់​បេះដូង។ នេះ​ហើយ​សម​ដូច​ព្រះ​ថេរដីកា​របស់​ព្រះអង្គ ដែល​ទ្រង់​ត្រាស់​ជា​រឿយ​ៗ​ថា៖ ជួន​កាល​ពេល​ព្រឹក​មនុស្ស​សត្វ​ជួប​គ្នា​រញង់ លុះ​ពេល​ល្ងាច​ក៏​ស្រាប់​តែ​បែក​គ្នា​ភ្លាម​ៗ។ សភាព​នេះ​ត្រូវ​ដូច​ព្រះ​តម្រាស់​នោះ​ណាស់ ព្រះអង្គ​យាង​ទៅ​ចោល​ពុទ្ធ​បរិស័ទ​រាល់​គ្នា ឥត​មាន​ប្រទាន​ដំណឹង​ជា​មុន​ឲ្យ​ច្បាស់​ដល់​យើង ដើម្បី​នឹង​ព្យាបាល​ព្រះអាការ​រោគ​ឲ្យ​បាន​យូរ​ថ្ងៃ​សោះ គួរ​ឲ្យ​យើង​ខ្ញុំ​ស្ដាយ​ក្រៃ​ពេក​ណាស់​នឹង​រក​ពាក្យ​ណា​មួយ​ថ្លែង​រៀបរាប់​ ពុំ​បាន​ឡើយ។ ព្រះអង្គ​សោយ​ទិវង្គត​នេះ ធ្វើ​ឲ្យ​រញ្ជួយ​សកល​កម្ពុជា ព្រោះ​ព្រះអង្គ​មាន​ព្រះគុណ​ធម៌​ច្រើន​ណាស់​លើ​ពុទ្ធ​បរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ។ សម្ដេច​ទ្រង់​សោយ​ព្រះទិវង្គត បាត់​ព្រះ​រូប​ពិត​មែន ប៉ុន្តែ​ព្រះ​កិត្តិនាម​ឋិត​នៅ​ដដែល។ អស់​លោក​អ្នក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ! ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ​នេះ ជា​ព្រះ​សព​ត្រូវ​តម្កល់​ទុក​តាម​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ទក្ខិណា​នុប្បទាន​រៀង​រាល់​ថ្ងៃ​ត​ទៅ ទម្រាំ​គណៈ​កម្មការ​បុណ្យ​ជំនុំ​គ្នា​ដោះស្រាយ រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​កំណត់​យក​ថ្ងៃ​ណា ខែ​ណា ត​ទៅ​ជា​ក្រោយ។ ឥឡូវ​នេះ គណៈ​កម្មការ​បុណ្យ​បណ្ដោះ​អសន្ន បាន​ព្រម​ព្រៀង​យក​ថ្ងៃ​១​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៦៩ ជា​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន មាន​ទេសនា និង​វេរភត្ត រៀង​រាល់​យប់​ថ្ងៃ​ត​រៀង​ទៅ ចំនួន​៦​ខែ គិត​ពី​ខែ​នេះ​ទៅ ក្រោម​ព្រះរាជ​ធិបតីភាព​នៃ​សម្ដេច​ព្រះ​មហាក្សត្រីយានី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ៕

Comments

Popular posts from this blog

កសិកម្មស្រុកខ្មែរយើង

កម្ពុជា​ជាប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​កសិកម្ម​ជា​សំខាន់​ព្រោះ​ប្រជាជន​ប្រមាណ ៨០%ទៅ ៨៥%​ជាកសិករ ហើយ​កសិកម្ម​ផ្ដល់ ៥០%​នៃ​ផលិតផល​ជាតិ​សរុប។ ផលិតផល​កសិកម្ម​រួម​មាន ដំណាំ ស្រូវ និង​ដំណាំ​រួម​ផ្សំ ៦៣% ការចិញ្ចឹម​សត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះ​បញ្ជាក់ឲ្យឃើញថា​ប្រជាជន​កម្ពុជា​មាន​កម្រិត​ជីវភាព​ទាប​នូវ​ឡើយ ។ យល់ដឹង ប្រជាជន​កម្ពុជា​យើង​ភាគច្រើន​រស់នៅ​តាម​ជនបទ ហើយ​ប្រកប​របរ​កសិកម្ម។ ទោះ​បី​ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​សម្រាប់​ដំណាំ​ស្រូវ​ពី ៨៥% ទៅ ៩០%​ក៏ដោយ​ក៏​គ្រួសារមួយចំនួន​ផលិត​ស្រូវ​ពុំ​បាន​គ្រប់គ្រាន់​តាម​តម្រូវការឡើយ។ ១.ប្រភេទ​កសិករ តាម​ការ​ស្រាវជ្រាវ​បា​ន​ឲ្យដឹងថា​ ចំនួន​គ្រួសារ​ដែល​ប្រកប​របរ​កសិកម្ម​មាន​ប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារ​នៅ​ទូទាំង​ប្រទេស។ គេអាច​ចែក​​ប្រភេទ​កសិករ​ទាំង​នោះ​ជា​ប្រភេទ​ធំៗ​ដូចតទៅ ៖ កសិករផលិត​ស្រូវ ឬ អ្នកស្រែ ៖ មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ប្រទេស និង​និយម​ធ្វើ​ស្រូវ​វស្សា (រដូវភ្លៀង)លើផ្ទៃ​ដីទំនាប។ កសិករទាំងនោះ​អាច​រកប្រាក់​ដើម្បី​បង្គ្រប់ចំណូលរបស់ពួកគេ​ដោយ​ការងារ​ផ្សេងៗ​ទៀត (ចិញ្ចឹមសត្វ និង ឡើង​ត្នោត)ឯកសិករ​មួយចំនួនទៀត ធ្វើស្រូវ​ប្រដេញទ...

បញ្ជីរាយព្រះនាយព្រះមហាក្សត្រនៃកម្ពុជា

ាា ព្រះមហាក្សត្រកម្ពុជា គឺជា ប្រមុខរដ្ឋ នៃ ព្រះរាជាណាចក្រកម្ពុជា ។​អំណាចព្រះមហាក្សត្រត្រូវបាន កំណត់ដើម្បី​ តែអង្គនៃនិមិត្តរូប ទៅដល់ប្រជាជនគឺដើម្បីផ្ដល់ក្ដីស្រលាញ់ និងគោរព។ ព្រះមហា ក្សត្រក៏តំណាងអោយសន្តិភាព ស្ថេរភាព និងភាពរុងរឿងដល់ ប្រជាជនខ្មែរ ។ ព្រះមហាក្សត្រ កម្ពុជាត្រូវបានជ្រើសរើស ដែលធ្វើអោយកម្ពុជាក្លាយជារាជាធិបតេយ្យមួយ ក្នុងចំណោម រាជាធិប តេយ្យបោះឆ្នោត មួយចំនួនតូចនៃពិភពលោក ។ កម្ពុជា (៦៨-១៤៣១) នគរភ្នំ រឺ ភ្វូណន (៦៨-៦២៧) លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល ០១ ព្រះនាងសោមា (មិនទាន់ច្បាស់) ហៅតាមចិន: លាវយ៉េក ( លីវយី ) និងហៅតាមខ្មែរប្រពៃណី: នាងនាគ (មិនទាន់ច្បាស់) ខាងចុងសតវត្សទី១ ០២ កៅណ្ឌិន្យទី១ (មិនទាន់ច្បាស់) ហៅតាមចិន: ហ៊ុនធៀន ( ហ៊ុនទៀន ) និងហៅតាមខ្មែរប្រពៃណី: ព្រះថោង (មិនទាន់ច្បាស់) ៦៨-ខាងចុងសតវត្សទី១ ០៣ មិនស្គាល់ ខាងចុងសតវត្សទី២ ០៤ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានឃ័ង (ហ៊ុនប៉ានហ៊ួង) ខាងចុងសតវត្សទី២ ០៥ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានផាន (ប៉ានប៉ាន) ដើមសតវត្សទី៣ ០៦ ស្រីមារៈ ហៅតាមចិន: ផ្វានឝ៊ឺម៉ាន (ផ្វាន់ចេម៉ាន់) រ.២០៥-២២៥ ០៧ មិនស្គ...

ពុម្ពអក្សរខ្មែរ

 សូមអញ្ជើញចូលទៅកាន់ដំណខាងក្រោមនេះ លោកអ្នកនឹងអាចទាញយកនូវពុម្ពអក្សរខ្មែរ ជាច្រើន តាមការពេញចិត្ត។ សូមចុចត្រង់នេះ ។