Skip to main content

ប្រាសាទព្រះវិហារ

ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។ សព្វ​ថ្ងៃនេះ​អ្នក​លក់ដូរ និង​ប្រជាជន​តំបន់​នោះ​ភាគច្រើន​តែងតែ​ឡើង​ទៅ​លើ​ភ្នំ​តាម​ផ្លូវ​ ​ស៊ី​១ ពីព្រោះ​ថា​ផ្លូវ​នោះ​វា​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប្រាសាទ​ព្រះវិហារ​គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំលុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​។ ប្រាសាទ​ព្រះ​វិហារ​បាន​ប្រគល់​ឲ្យ​ប្រទេស​ថៃ​ដោយ​ពួក​អាណានិគម​បារាំង ក្នុង​ឆ្នាំ​១៩៥៤ តែ​ត្រូវ​ទាមទារ​បាន​មក​វិញ​ដោយ​ការ​កាត់​សេចក្ដី​ពី​តុលាការអន្តរជាតិ​ក្រុង​ទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។ កាលបរិច្ឆេទសំខាន់ៗ ថៃ្ង​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ : ប្រាសាទ​ព្រះវិហារត្រូវ​បាន​សាលក្រម​តុលាការ​អន្តរជាតិ​ក្រុង​ទ្បាអេ សម្រេច​ឲ្យ​ភាគី​កម្ពុជា​ជា​អ្នក​ឈ្នះ​ក្ដី​ រវាង​វិវាទ​កម្ពុជា-ថៃ​លើ​ប្រាសាទ​ព្រះវិហារ​។ ថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨: អង្គការ UNESCO បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា​។ ប្រវត្តិនៃ​ប្រាសាទ​ព្រះ​វិហារ​ តាម​ការស្រាវជ្រាវ​ពី​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ពី​ថ្ម ចាប់តាំង​ពី​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ សោយ​រាជ្យ នៅពាក់​កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី​១១ ។ ទីតាំង​ធ្វើ​ប្រាសាទ ដែល​ស្ថិត​នៅលើ​ទី​ខ្ពស់​ជាង​គេ នោះ​មាន​កំពស់ ៦២៥​ម៉ែត្រ(ឯកសារ​បារាំង)​រឺ​៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។ ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ​ព្រះវិហារ មាន​នៅ​លើ​សិលា​ចារឹក​ខ្មែរ នៅឯ​ប្រាសាទ​បាពួន ក្នុង​ខេត្ត​សៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នក​ដែល​សរសេរ​សិលាចារឹក​ហ្នឹង ឈ្មោះ​ហរិ វាហៈ នៅក្នុង​រជ្ជកាល​ព្រះបាទ​រាជិន្រ្ទ​វរ័ន្ម គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ។ គេ​សរសេរ​ជា​ភាសា​សំស្រ្កឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះនាម ឥន្រ្ទាយុទ្ធ លោក​បាន​យក​លិង្គ​មួយ ឈ្មោះ​ស្រីសិខៈ រិស្វារៈ មកតាំង​មក​ប្រតិស្ឋ​នៅ​ទីនេះ​ៗ​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង ។ គេ​សរសេរ​ថា ព្រះអង្គ​លោក​ខ្លាំង​ពូកែ​ខ្លាំង​ណាស់ ។ លោក​មាន​មហិទ្ធឫទ្ធិ ទៅ​ច្បាំង​ជាមួយ​នឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ ប្រហែល​ជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំង​មូល​នោះ​ទេ ។ ប្រហែល​ជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ​។ ​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ អំពី​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ៖ «ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ដល់​ពេល​ដែល​លោក​ចាស់​ទៅ លោក​ទៅ​រៀន​ធម៌ តាំង​សីល​នៅ​លិង្គ​បូ ៗ គឺ​ជា​វត្ត​ភូ នៅខាង​ត្បូង​ស្រុក​លាវ សព្វ​ថ្ងៃ​នេះ ។ រួច​ហើយ លោក​បាន​កសាង​លិង្គ​មួយ យក​ថ្ម​នោះជា​បំណែក​នៃ​លិង្គ​ធំ​មួយ ។ លិង្គ​នោះ​ឈ្មោះ​ថា ស្រីសិខៈ រិ ស្វារៈ លោក​យក​លិង្គ​នេះ​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ ។ ឈ្មោះ លិង្គ ស្រីសិខៈ រិស្វារៈ​នេះ ពេល​ក្រោយ​ឆ្នាំ​ក្រោយ មក​ទៀត គេ​តែងតែ​ហៅ​សម្រាប់​ឈ្មោះ​លិង្គ​ផង និង​ឈ្មោះ​ទី​ប្រាសាទ​វិហារ​នេះ​ផង ដូច្នេះ​អ្នក​ដែល​មក​ប្រតិស្ឋស្ថាន [[ស្រីសិខៈ រិស្វារៈ:: ថ្ម​ហ្នឹង​គឺ​ជា​បំណែក​មួយ ដែល​នៅ​នឹង​លិង្គបូ នោះ នៅ​វត្តភូ​នោះ គឺ​យក​មក​ទុក​នៅ​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ពេល​នោះ អ្នក​ប្រាជ្ញ​ដែល​សិក្សា​ពី​សិលាចារឹក និង​អំពី​ប្រាសាទ​ព្រះវិហារ​នោះ គេ​សន្មត់​ថា ទីនោះ​ប្រហែល​ជា​ទីតាំង​ទាំង​ប៉ុន្មាន គឺ​មិនមែន​ដូច​សព្វថ្ងៃ​នេះ​ទេ ។ មាន​តែ​អាស្រម​ធ្វើ​អំពី​ឈើ ពីព្រោះ​ជា​ទីកន្លែង​សម្រាប់​ស្នាក់នៅ​នៃ​ពួក​ព្រាហ្មណ៍ ដែល​មាន​ភារៈ​ទទួល​គោរព​ថែរក្សា​លិង្គ ស្រីសិខៈ រិស្វារៈ នេះឯង» ។ ព្រាហ្មណ៍​តៈបៈស្វិន្រ្ទ​បណ្ឌិត បើតាម​អត្ថបទ​សិលាចារឹក នៅឯ​ប្រាសាទ​ព្រះវិហារ កា​លេខ ៣៨១ ដែល​សរសេរ​ជា​ភាសា​ខ្មែរ​ផង​និង​សំស្រ្កឹត​ផង បាន​ឲ្យ​ដឹង​បន្ថែម​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ តៈបៈស្វិន្រ្ទ​បណ្ឌិត ជា​មនុស្ស​សំខាន់​ដែល​ទាក់ទិន​នឹង​ប្រវតិ្ត​ប្រាសាទ​ព្រះវិហារ ។ តៈបៈស្វិន្រ្ទៈ​បណ្ឌិត មាន​អាស្រម​មួយ នៅ​នឹង​ដែនដី​នៃ​ទីតាំង​ប្រាសាទ​ព្រះវិហារ​នោះ ។ នៅ​រវាង​ឆ្នាំ​១០២៤ គឺ​លោក​បាន​ទទួល​អង្រឹង​ស្នែង​មាស និង​វត្ថុ​ដ៏​មាន​តម្លៃ​ដទៃ​ទៀត​ជាច្រើន ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ព្រោះតែ​ព្រះអង្គ​ដឹងគុណ​ដល់​លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែល​បាន​ថែ​រក្សា​លិង្គ​ព្រះអាទិទេព ស្រីសិខៈរិស្វារៈ ។ ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​ជឿ​ខ្លាំង​ណាស់ នេះ​បើ​តាម​សិលាចារឹក ។ លោក​ជឿ​ថា លិង្គ​ដែល​មាន​ព្រះនាម ស្រីសិខៈ រិស្វារៈ ដែល​ធ្វើ​រួច​ហើយ​ពី​វត្តភូ យក​មក​ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ លិង្គ​នេះ​ឯង តែងតែ​សម្តែង​មហិទ្ធិឫទ្ធិ បដិហារ​ឲ្យ​លោក​ឃើញ ។ លោក​គ្មាន​ពេល​នឹង​ទៅ​ធ្វើ​ពិធី​គោរព​បូជា​ដល់​លិង្គ​ហ្នឹង មាន​តែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះ​ទេ គាត់​ធ្វើ ហើយ​លោក​សុំ​ឲ្យ​ខំ​ធ្វើ​នោះ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​បុណ្យ​បាន​ផល​ហ្នឹង​ដល់​លោក​និង​ប្រទេស​កម្ពុជា ។ សេចក្តី​ក្នុង​សិលាចារឹក​នោះ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ព្រះអង្គម្ចាស់​ខំ​ធ្វើ​ខ្លាំង​ណាស់ ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​ដែល​នៅ​បម្រើ​នៅក្នុង​ប្រាសាទ​ព្រះវិហារ នៅដើម​សតវត្សរ៍​ទី​១ នៃ​រជ្ជកាល​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ មាន​មនុស្ស​ច្រើន​ណាស់ មិនមែន​មាន​តែ​ព្រាហ្មណ៍​ទេ មាន​អ្នក​ខ្លះ ជា​ពល ជា​អ្នកស្រុក​នៃ​ភូមិ​ដែល​នៅ​ជិត​ៗ​ហ្នឹង គេ​មាន​ឈ្មោះ​ភូមិ​គេ ប៉ុន្តែ​ភូមិ​ខ្លះ​យើង​អត់​ដឹង​ថា ទីតាំង​នៅ​ត្រង់​ណា តែ​នៅ​នឹង​ជើង​ភ្នំ អាច​ឡើង​មក​នៅ​លើ​ភ្នំ​ទៀត សុទ្ធតែ​ជា​អ្នក​នៅ​គោរព នៅ​បូជា អ្នក​ដែល​ជួយ​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​ថែ​រក្សា ។ អ៊ីចឹង ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ លោក​សុំ​ឲ្យ​យក​អ្នក​ទាំង​អស់​គ្នា​នេះ ចូល​មក​ស្បថ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ ។ មិនមែន​គ្រាន់​ជា​អ្នក​បម្រើ យើង​ធ្វើ​តាម​ចិត្ត អត់​ទេ ។ សម្បថ​នោះ​មាន​អី​ខ្លះ​ទៅ? គឺ​ថា សម្បថ​នោះ​មាន បើ​អ្នក​ឯង​ស្បថ​ថា យាម​ប្រាសាទ គឺ​ប្រាកដ​ជា​យាម​ប្រាសាទ ។ បើ​អ្នក​ឯង​ថែ​ទាំ​ប្រាសាទ ប្រាកដ​ជា​ថែទាំ​ប្រាសាទ ។ ហើយ​លោក​បញ្ជាក់​ថា បើ​អ្នកឯង​ជា​អ្នកថែទាំ​ប្រាសាទ អ្នកឯង​ជា​អ្នក​ការពារ អ្នក​នៅ​បម្រើ​ទាំងអស់​ហ្នឹង សូម្បី​តែ​នៅក្នុង​ប្រាសាទ ក៏​ត្រូវ​ការរពារ អ្នក​អស់​ហ្នឹង សូម្បី​តែ​គេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រាសាទ ឧទាហរណ៍​ដូចជា​ទៅ​ធ្វើ​ស្រែ ឃ្វាល​គោ ដែល​នៅ​ក្រៅ​រង្វង់​ប្រាសាទ អ្នកឯង​ក៏​ត្រូវ​ការពារ​គេ​នោះ​ដែរ ។ ហើយ​លោក​ឲ្យ​ការពារ​កុំ​ឲ្យ​មាន​ពួក​បះបោរ មក​ធ្វើ​បាប​អ្នកស្រុក​អស់​នោះ ។ ដូច្នេះ​សម្បថ​នេះ​មិន​ដូច​សម្បថ​ដែល​ពួកអ្នក​រាជការ គេ​ហៅ​តម្រួត​លោក​ឲ្យ​ធ្វើ​ស្បថ​ចំពោះ​លោក ដែល​គេ​ចារ​នៅ​លើ​ខ្លោង​ទ្វារ​ប្រាសាទ​វិមាន​អាកាស នៅ​អង្គរ​នោះ​មិន​ដូចគ្នា​ទេ ។ នេះ​គឺ​យើង​ស្បថ យើង​សម្រេច​ថា យើង​នៅ​បម្រើ​អាទិទេព សិខៈ រិស្វារៈ នៅ​នឹង​ភ្នំ​ព្រះវិហារ​នេះ» ។ ស្រីសុកៈរាមា នៅក្នុង​ចំណោម​អ្នក​ដែល​នៅ​បម្រើ​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះ​មាន​បុរស​ម្នាក់​ឈ្មោះ ស្រីសុកៈរាមា ជា​មនុស្ស​សំខាន់ ។ ស្រីសុកៈរាមា​នេះ មាន​ក្រុមគ្រួសារ​របស់​គាត់ ជា​អ្នករក្សា​ទុក​ឯកសារ​ប្រវត្តិសាស្រ្ត​ខ្មែរ តាំងពី​ព្រះរាជា​កម្ពុជា រឿងរ៉ាវ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ កិច្ចការ​រាជការ និង​រឿង​ស្នាព្រះហស្ត​ផ្សេង​ៗ តាំងពី​សម័យ​មុន​អង្គរ​គឺ​ព្រះបាទ​ស្រីប្បវរ័្មន រហូត​មក​ដល់​ព្រះបាទ ស្រី សុរិយវរ័្មន​នេះ មាន​ទាំងអស់ គេ​សរសេរ​ទុក ខ្ញុំ​មើល​នៅ​ស្លឹក​ហ្នឹង គឺ​ស្លឹករឹត​ហើយ ។ ទុក​នៅ​នឹង​ប្រាសាទ​ព្រះវិហារ​ផង និង​ទុក​នៅ​នឹង​ប្រាសាទ​មួយ​ទៀត ដែល​សព្វថ្ងៃ​នេះ នៅ​នឹង​ប្រាសាទ​ខាង​ជើង​ភ្នំ​ដងរែក ។ គេ​យក​គាត់​មក​និយាយ​នេះ គឺ​គាត់​ជា​អ្នកគោរព​ត្រឹមត្រូវ ជួយ​ធ្វើការ​បោស​សំអាត រៀបចំ​គោរព ស្រី សិខារិស្វារៈ ។ ព្រះបាទ​សុរិយវរ្ម័ន​ទី​១ លោក​ជា​អ្នកកាន់​ព្រះពុទ្ធ​សាសនា ថេរវាទ ។ លោក​នៅតែ​គោរព​ព្រះឥសូរ ព្រោះ​នៅក្នុង​សិលាចារឹក​នេះ​ឯង គេ​បាន​និយាយ​ថា ដើម្បី​កំណត់​ព្រំប្រទល់​អំណាច​របស់​លោក​បណ្តោះ​អាសន្ន លោក​ឲ្យ​គេ​ធ្វើ​លិង្គ​៤ ដែល​លិង្គ​នីមួយ​ៗ​ឈ្មោះ​ដដែល​គឺ សុរិយ វ៉ារមិស្វារៈ គឺ​ឥសូរ​ដែល​មាន​ឈ្មោះ​ហៅ​ថា សុរិយវរ្ម័ន​នេះ​ឯង ។ លិង្គ​មួយ​ត្រូវបាន​យក​ទៅ​ទុក នៅក្នុង​ខេត្ត​បាត់ដំបង គឺ​វត្ត​ឯក គឺ​ឈ្មោះ​ថា ជ័យក្សេត្រ នៅ​ព្រំប្រទល់​ខាងលិច ។ នៅ​ព្រំប្រទល់​ខាងជើង គឺ​យក​លិង្គ​មួយ ផ្សេង​ទៀត​ដែល​ព្រះនាម​ដដែល​នោះ យក​មក​ទុក​នៅ​ព្រះវិហារ កំណត់​បណ្តោះ​អាសន្ន​ព្រំប្រទល់​អំណាច​របស់​លោក​នៅផ្នែ​ខាង​ជើង ។ មាន​មួយ​ទៀត​យក​ទៅ​ទុក​នៅ​លើ​ភ្នំ សូរិយាទ្រិ គឺ​ភ្នំ​ព្រះឥសូរ ភ្នំ​ឥសូរ​យើង​នៅ​ខេត្ត​តាកែវ​សព្វថ្ងៃ​នេះ ហ្នឹង​គឺ​ផ្នែក​ទិស​ខាង​ត្បូង ។ ហើយ​មាន​មួយ​ទៀត លិង្គ​ឈ្មោះ​ដដែល​ហ្នឹង គឺ​ទុក​នៅ​ឥសាន តិរថៈ ប្រហែល​ជា​នៅតាម​ដង​ទន្លេ​មេគង្គ ប្រហែល​ជា​នៅ​ខាង​ក្រចេះ​ស្ទឹងត្រែង ។ លិង្គ​ទាំងបួន​នេះ គេ​យក​ទៅ​ប្រតិស្ឋ​នៅ​ទិស​ទាំងបួន​ហ្នឹង នៅ​នឹង​គ.ស. ១០១៨ ។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ លោក​បាន​ធ្វើ​សម្រាប់​ប្រាសាទ​ភ្នំ​ព្រះវិហារ ។ ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក សិលាចារឹក​នៅ​នឹង​ភ្នំ​សន្តក កា​លេខ ១៩៤ នៅភ្នំ​ព្រះវិហារ​នេះ កា​លេខ ៣៨៣ និយាយ​ច្រើន​ណាស់ តែ​អំពី​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ ទិវាក ឬ ទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍​នេះ បម្រើ​ស្តេច​ខ្មែរ​តាំងតែ​ពី​នៅ​វ័យ​ក្មេង តាំងតែ​ពី​ជំនាន់​រជ្ជកាល​ព្រះបាទ ឧទ័យៈទិត្យ​វរ័្មន ទី​២ ដែល​លោក​កសាង​ប្រាសាទ បាពួន ហើយ​រហូតមក​ដល់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ។ លោក​បាន​ទទួល​ងារ​ធំ​ជាង​គេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ហើយ​ លោក​តែងតាំង​ជា​ព្រាហ្មណ៍​ធំ សម្រាប់​ធ្វើរាជាភិសេក​ទាំងអស់​ស្តេច​ទាំង​ប៉ុន្មាន ។ សេចក្តី​សំខាន់​នៃ​សិលា​ចារឹក​ដែល​ទាក់ទង​នឹង​ព្រះវិហារ គឺ​លោក​ជា​អ្នក​ចាត់ចែង​ត​បញ្ជា​ពី​ព្រះបាទ សុរិយវរ្ម័ន​ទី​២ មក ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រាសាទ​ទាំងអស់ នៅក្នុង​ស្រុក​ខ្មែរ​ហ្នឹង គឺ​លោក​ចាត់​ចែង ។ ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​ដែល​ព្រាហ្មណ៍ទិវាក បាន​ទទួល​ជា​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ រួមមាន​គ្រឿង​អលង្ការ​ជា​មាស ជា​ពេជ្រ​ដ៏​មាន​តម្លៃ និង​ជា​វត្ថុ​មាន​តម្លៃ​ជា​មធ្យម​ក្តី គឺ​លោក​យក​ទៅ​ថ្វាយ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។ ដូច្នេះ​ចំពោះ​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ដែល​មាន​អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោក​មាន​កិច្ចការ​សម្រាប់​ប្រាសាទ​ព្រះវិហារ។ ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោក​ទៅ​សង់​រូប​អាទិទេព​ផ្សេង​ៗ លោក​ឲ្យ​ដី​ភូមិ លោក​ទៅ​បោះ​ព្រំប្រទល់ លោក​ឲ្យ​ពល​សម្រាប់​ភូមិ​ណា ដែល​ត្រូវការ​សម្រាប់​ធ្វើ​ម៉េច​ឲ្យ​អាច​បាន​ធ្វើការ យក​ស្រូវ យក​អង្ករ​ហ្នឹង យក​មក​បូជា​ធ្វើ​ពិធី​ផ្សេង​ៗ នៅក្នុង​ប្រាសាទ​ព្រះវិហារ​នេះ ។ ហើយ​មួយ​ពេល​នោះ លោក​ទទួល​បាន​បុស្បុក​មាស​ជា​រង្វាន់​ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ លោក​យក​ទៅ​ថ្វាយ​អាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេល​ដែល​ចូលឆ្នាំ​ក៏​លោក​ធ្វើ​សម្រាប់​អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង គឺ​លោក​យក​សំរឹទ្ធ​ទៅ​ក្រាល​នៅ​កណ្តាល​ប្រាសាទ ដែល​គេ​យល់​ថា​ប្រាសាទ​នៅ​ឯ​ចុង​ភ្នំ​នោះ ហើយ​យក​ចាន​ធ្វើ​អំពី​មាស ពី​ប្រាក់ យក​ទៅ​ប្រើប្រាស់​នៅក្នុង​ប្រាសាទ មាន​ឲ្យ​ជា​សត្វ​ពាហនៈ មាន​ឲ្យ​ជា​ខ្ញុំ​បម្រើ ។ បន្ទាប់​មក​ទៀត លោក​ធ្វើការ​ជួសជុល​សំណង់​ផ្សេង​ៗ លោក​ជា​អ្នក​ទទួល​ព្រះករុណា​យាង​ទៅ​ណា លោក​ទៅ​តាម​ដើម្បី​នឹង​ទទួល​កិច្ចការ​ដែល​ពិនិត្យមើល​ប្រាសាទ​នានា ក្នុង​ព្រះរាជាណាចក្រ ។ អ៊ីចឹង​ផ្នែក​ខាង​បូជា ផ្នែក​ខាង​រក្សា​ប្រាសាទ ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ លោក​ផ្ទុកផ្ដាក់​ទៅ​លើ​ព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះ​ឯង។ គោល​បំណង​​នៃ​ការ​កសាង​ប្រាសាទ​ព្រះ​វិហារ​ ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការកសាង​ប្រាសាទ​អង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិស្នុរ ប្រាសាទ​បាពួន រំឭក​គុណ​ព្រះឥសូរ ។ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ជា​ទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ ជាពិសេស​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​ដែរ លោក​នៅ​តែ​គាំទ្រ​គំនិត​ដែល​ថា មហិទ្ធិឫទ្ធិ​ធំ​ណាស់​អាទិទេព​នេះ ដូច្នេះ​ត្រូវ​ធ្វើ​ម៉េច បន់​ស្រន់ គោរព​បូជា យ៉ាង​ដាច់​ខាត ។ ទីតាំង​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ទី​មួយ គឺ​គេ​ទុក​អាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាល​គេ​សរសេរ ខរៈ ស្វារៈ ជួនកាល​គេ​សរសេរ សិខៈ រិស្វារៈ ប៉ុន្តែ​គឺ​ជា​ឈ្មោះ​តែ​មួយ​ទេ ។ គឺ​ជា​កន្លែង​ដែល​គេ​រក្សា​ទុក ពីព្រោះ​អាទិទេព​នេះ ដែល​មាន​លិង្គ​ជា​តំណាង មាន​មហិទ្ធិឫទ្ធិ​ធំ​ណាស់ ។ គេ​ជឿ​ថា នាំ​ភោគ​ផល នាំ​សេចក្តី​សុខ​មក​ដល់​ប្រទេស​ខ្មែរ ។ ទី​២ ប្រាសាទ​ភ្នំ​ព្រះវិហារ ទីកន្លែង​នេះ​មិនមែន​ជា​ទីកន្លែង​សម្រាប់​ព្រះរាជា​គង់​នៅ​ទេ ។ មិនមែន​មាន​ទីភូមិ​សម្រាប់​ប្រជាពលរដ្ឋ​ទេ ។ គឺ​មានតែ​កន្លែង​សម្រាប់​អ្នកបួស ឲ្យ​ចូល​មក​តាំង​សីល ហើយ​និង​ដើម្បី​នឹង​ជួយ​បន្ត​ពិធី​គោរព​បូជា​នេះ ត​ទៅ​ទៀត ។ បើ​បាន​អញ្ជើញ​ទៅ គឺ​ត្រូវ​ពិនិត្យ​មើល​នៅ​ប្រាសាទ ដែល​ជាប់​នឹង​ខ្លោង​ទ្វារ​ទី​៣ រាប់​ពី​ក្រោម​ទៅ នៅ​ខ្លោង​ទ្វារ​ទី​៣ ហ្នឹង​មាន​សិលា​ចារឹក​កា​លេខ ៣៨១ នោះ គេ​សង្ស័យ​ថា នៅ​ត្រង់​កន្លែង​ហ្នឹង គឺ​ជា​កន្លែង​ដែល​គេ​បំបួស​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ ដើម្បី​នឹង​បន្ត​កិច្ចការ​គោរព​និង​ថែ​រក្សា​អាទិទេព ស្រីសិខៈ រិស្វារៈ នោះ​ត​ទៅ​ទៀត ។ ដូច្នេះ​ប្រាសាទ​ភ្នំ​ព្រះវិហារ ខុសពី​ប្រាសាទ​ឯទៀត​ៗ។ ដំណាក់​កាល​នៃ​ការ​សាង​សង់ ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ ដែល​ក្រុម​អ្នក​ប្រវត្តិ​វិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ តែ​មក​ដល់​រជ្ជកាល ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅក្នុង​ដែន​ដី​នៃ​ប្រាសាទ​ព្រះវិហារ ។ បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើង នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយវរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។ លក្ខណៈ​សំណង់​ប្រាសាទ​ព្រះ​វិហារ​ បើគិត​ចាប់​ពី​ដី​ទំនាប ពី​ផ្លូវ​ឡើង​ទៅ​ដល់​ប្រាសាទ​ដែល​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ គឺ​គេ​ត្រូវ​ដើរ​ឡើង​តាម​ជណ្តើរ​ជា​ច្រើន​កាំ ដែល​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ។មុន​នឹង​ឡើង​ពី​ដី​ទំនាប ទៅ​ដល់​ប្រាង្គ​ប្រាសាទ​លើ​កំពូលភ្នំ គេ​ត្រូវ​ឆ្លង​កាត់​ខ្លោង​ទ្វារ ៥ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ មាន​កម្ពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។ ទីមួយ ពី​ដី​យើង​ធម្មតា​ហ្នឹង ពី​ដី​គឺ​ជើងភ្នំ​របស់​ភ្នំ​ដងរែក​ហ្នឹង យើង​ឡើង​មក​ហ្នឹង គឺ​ចម្ងាយ ៥៤​ម៉ែត្រ​គេ​ធ្វើ​ជា​ជណ្តើរ​ៗ ទាំងអស់​មាន ១៥៩​កាំ ។ យើង​ឡើង​ជណ្តើរ​ហ្នឹង​មក​ហើយ បាន​គេ​ធ្វើ​រាង​ជម្រាល​បន្តិច​ចម្ងាយ ២៥​ម៉ែត្រ ហ្នឹង ចូល​មក​ខ្លោង​ទ្វារ​ទី​១ ។ សំគាល់​១៖ បើ​សិន​ណា​អស់​លោក​មាន​សៀវភៅ គេ​សរសេរ​ជា​ភាសា​បារាំង ជា​អង់គ្លេស គេ​រាប់​បញ្ច្រាស គេ​រាប់​ពី​ទីមួយ ប្រាសាទ​ធំ​បំផុត មក​ឯ​ខាង​ដើម ។ បន្ទាប់​ពី​ខ្លោង​ទ្វារ​ទី​១​ហ្នឹង ត្រូវ​ធ្វើ​ដំណើរ​តាម​កាំជណ្តើរ​នោះ ឡើង​មក​ទៀត ចម្ងាយ ២៤៤​ម៉ែត្រ ។ ជណ្តើរ​នេះ គេ​មាន​បោះគោល​តាម​សង​ខាង​ផ្លូវ ដើរ​មក​បាន​ចូល​ខ្លោង​ទ្វារ​ទី​២ ។ នៅ​ខ្លោងទ្វារ​ទី​២ នោះ​មាន ហោជាង គេ​ធ្វើ​រូប​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺ​ការ​ដែល​បង្កើត​លោក ។ នៅពេល​ដែល​ឡើង​មក​ហ្នឹង នៅ​ខាង​ឆ្វេង​ដៃ មាន​ស្រះ​មួយ ។ ស្រះ​នេះ​គឺ​មាន​ន័យ​សំខាន់​ណាស់ ព្រោះ​ថា កាល​ពី​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ សព្វថ្ងៃ​គឺ ព្រះបាទ ភូមិផុន អាឌុល យ៉ាដេត ឡើង​គ្រងរាជ្យ​នៅថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​១៩៤៦ ថៃ​បាន​មក​យក​ទឹក​ពី​ស្រះ​នេះ​ទៅ ដើម្បី​បំពេញ​ពិធី​អភិសេក​ព្រះមហាក្សត្រ​ថៃ នៅឯ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ ឡើង​មក​ទៀត ហើយ​ចម្ងាយ ១៥០​ម៉ែត្រ មាន​បោះគោល​តាម​ផ្លូវ​ហ្នឹង​រហូត ។ នៅ​ខាង​ឆ្វេង​ដៃ​ដដែល​ហ្នឹង មាន​តួប្រាសាទ​តូច​ៗ ឡើង​មក​ទៀត​អ៊ីចឹង​មក ១៥០​ម៉ែត្រ​ហ្នឹង បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៣​ៗ ហ្នឹង​មាន​សិលាចារឹក ដែល​និយាយ​អំពី​ការកសាង​ប្រាសាទ គឺ​នៅក្នុង​ជំនាន់​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​១ ប្រហែល​ជា​ទីកន្លែង​អ្នក​ចូល​ទៅ​បួស គេ​ឲ្យ​តាំង​សីល គេ​ឲ្យ​រៀន​ធម៌ នៅ​ហ្នឹង​ចូល​ផុត​ពី​ខ្លោង​ទ្វារ​ទី​បី​មក​នេះ ។ នៅ​ចន្លោះ​ពី​ខ្លោង​ទ្វារ​ទី​បី​និង​ខ្លោង​ទ្វារ​ទី​បួន មាន​ផ្លូវ​ដើរ ប្រហែល ៤០​ម៉ែត្រ ។ ផ្លូវ​ដើរ ៤០​ម៉ែត្រ​នេះ​ឯង ដែល​មាន​ធ្វើជា​ខ្លួន​នាគ ដូច​ជា​បង្កាន់ដៃ ហើយ​និង​បោះគោល​តាម​ផ្លូវ​នេះ​ឯង ។ យើង​ដើរ​តាម​ផ្លូវ​នាគ​ហ្នឹង​មក បាន​មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ។ មក​ដល់​ខ្លោង​ទ្វារ​ទី​៤ ប្រាសាទ​ហ្នឹង​បែរ​មុខ​ទៅ​ទិស​ខាង​ជើង ។ នៅ​ទិស​ខាង​លិច​ឬ​ក៏​នៅ​ស្តាំដៃ​ហ្នឹង មាន​អគារ​មួយ នៅខាង​ឆ្វេង​ដៃ​អត់​មាន​ទេ ។អគារ​នេះ​ឯង​ប្រហែល​គេ​ទុក​ឲ្យ​សម្រាប់​ឥសី​ធំ​ៗ​សំណាក់​ឬ​ក៏​តាំង​សីល​នៅត្រង់​កន្លែង​ហ្នឹង» ។ ចម្ងាយ​ពី​ខ្លោង​ទ្វារ​ទី​៤ ទៅ​ដល់​ខ្លោង​ទ្វារ​ទី​៥​នោះ មាន​ប្រមាណ​ពី​៤០ ទៅ​៥០​ម៉ែត្រ ។ គេ​ត្រូវ​ដើរ​ឆ្លង​ខ្លោង​ទ្វារ​ទី​៥​នេះ ទើប​ទៅ​ដល់​ប្រាង្គ​ប្រាសាទ​ចុង​ក្រោយ​បង្អស់ ដែល​ស្ថិត​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ ។ ទីតាំង​ដែល​ធ្វើ​ប្រាសាទ​នៅលើ​កំពូល​ភ្នំ​ខ្ពស់​ជាង​គេ​នោះ មាន​កំពស់ ៥២៥​ម៉ែត្រ ។ កន្លែង​នេះ​ឯង គឺ​ជា​កន្លែង​ដែល​ប្រហែល​គេ​ដាក់​លិង្គ ដែល​គេ​ថា ជា​អាទិទេព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បើ​យើង​គិត​តែ​តួ​ប្រាសាទ​ធំ​ចុងក្រោយ​នេះ គឺ​មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ តែ​ប៉ុណ្ណោះ ហើយ​បើ​យើង​ដើរ​ទៅ​ខាង​ក្រោយ​ប្រាសាទ​ហ្នឹង ប្រយ័ត្ន​ព្រោះ​ហ្នឹង​ដល់​ចុង​ភ្នំ​ហើយ គឺ​កន្លែង​ដែល​ចោទ​ហើយ ផុត​ត្រឹម​ប៉ុណ្ណឹង ។ ដូច្នេះ​ចុង​ខាង​ក្រោយ​នេះ​ឯង ប្រហែល​ជា​គេ​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ នោះ ។ មក​ដល់​ឆ្នាំ​២០០៨ នេះ មាន​បាត់បង់​ក៏​ច្រើន បាក់​បែក​ក៏​ច្រើន អ្វី​ដែល​នៅ​ឃើញ​សល់​សព្វថ្ងៃ​នេះ យើង​មើល​ទៅ​តាំងពី​ក្បាច់​ចម្លាក់ គួរ​ឲ្យ​ស្រលាញ់​ជា​ទី​បំផុត ពីព្រោះ​ស្អាត​ណាស់ ធ្វើ​ហ្នឹង ធ្វើ​ល្អ​ខ្លាំង​ណាស់» ។ ហេតុអ្វី​បាន​ជា​ប្រាសាទ​ព្រះវិហារមាន​ជណ្តើរ​ឡើង ស្ថិត​នៅក្នុង​ទឹក​ដី​ថៃ សព្វ​ថ្ងៃ​នេះ​ទៅវិញ? លោក​សាស្រ្តាចារ្យ ឃិន សុខ បច្ចុប្បន្ន​បង្រៀន​ប្រវត្តិសាស្រ្ត​ខ្មែរ​ថៃ​លាវ​និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា នៅពេល​ដែល​ស្តេច​ខ្មែរ ផ្តើម​សាងសង់​ប្រាសាទ​ព្រះវិហារ​នោះ​ឡើង​នៅក្នុង​ខេត្ត​ព្រះវិហារ​នៃ​ដែនដី​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​បុរាណ​សម័យ​នោះ គឺ​ពុំទាន់​មាន​ប្រទេស​សៀម ឬ​ថៃ តាំង​នៅ​ទីតាំង​ប្រទេស​ថៃ​សព្វថ្ងៃ នៅ​ឡើយ​ទេ ។ ពិសេស កាលពី​បុរាណ​សម័យ ស្រុក​ខ្មែរ​មាន​ផ្ទៃ​ដី​ធំធេង ផ្នែក​ខាង​លិច​គឺ​លាត​សន្ធឹង ពី​ខេត្ត​ព្រះវិហារ ហួស​ប្រទេស​ថៃ​សព្វថ្ងៃ និង​តរហូត​ទៅ​ដល់​ប្រទេស​ភូមា ។ ចំណែក​ផ្នែក​ខាង​ជើង គឺ​លាត​សន្ធឹង​រាប់​បញ្ចូល​ទាំង​ក្រុង​ឈៀងម៉ៃ ដែល​សព្វថ្ងៃ​ជា​ខេត្ត​មួយ​របស់​ថៃ​នោះ​ផង ។ ដូច្នេះ​មិនមែន​មក​ចោទ​ថា ដីត្រង់​កន្លែង​នោះ មាន​សៀម មាន​អី បើ​សៀម​មិនទាន់​មក​ដល់​ឯណា ។ សៀម​ទាល់​តែ​ចុង​សតវត្សរ៍​ទី​១៣ បាន​ទើប​នឹង​ចុះមក ។ ដូច្នេះ ដី​ត្រង់​ដែល​គេ​ធ្វើ​ប្រាសាទ នៅលើ​កំពូល​ភ្នំ​ព្រះវិហារ​នេះ ជា​ដី​របស់​ខ្មែរ ។ ខ្មែរ​ចង់​ធ្វើ​ត្រង់​ណា បែរ​ទៅ​ត្រង់​ណា គេ​ធ្វើ​តាម​តែ​ទីតាំង​របស់​សាច់​ភ្នំ​នោះ ។

Comments

Popular posts from this blog

កសិកម្មស្រុកខ្មែរយើង

កម្ពុជា​ជាប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​កសិកម្ម​ជា​សំខាន់​ព្រោះ​ប្រជាជន​ប្រមាណ ៨០%ទៅ ៨៥%​ជាកសិករ ហើយ​កសិកម្ម​ផ្ដល់ ៥០%​នៃ​ផលិតផល​ជាតិ​សរុប។ ផលិតផល​កសិកម្ម​រួម​មាន ដំណាំ ស្រូវ និង​ដំណាំ​រួម​ផ្សំ ៦៣% ការចិញ្ចឹម​សត្វ ២៤% ការនេសាទ ១០% និង ព្រៃឈើ ៣%។ ដូចនេះ​បញ្ជាក់ឲ្យឃើញថា​ប្រជាជន​កម្ពុជា​មាន​កម្រិត​ជីវភាព​ទាប​នូវ​ឡើយ ។ យល់ដឹង ប្រជាជន​កម្ពុជា​យើង​ភាគច្រើន​រស់នៅ​តាម​ជនបទ ហើយ​ប្រកប​របរ​កសិកម្ម។ ទោះ​បី​ប្រទេស​កម្ពុជា​មាន​ផ្ទៃ​ដី​សម្រាប់​ដំណាំ​ស្រូវ​ពី ៨៥% ទៅ ៩០%​ក៏ដោយ​ក៏​គ្រួសារមួយចំនួន​ផលិត​ស្រូវ​ពុំ​បាន​គ្រប់គ្រាន់​តាម​តម្រូវការឡើយ។ ១.ប្រភេទ​កសិករ តាម​ការ​ស្រាវជ្រាវ​បា​ន​ឲ្យដឹងថា​ ចំនួន​គ្រួសារ​ដែល​ប្រកប​របរ​កសិកម្ម​មាន​ប្រមាណពី ១.២លាន ទៅ ១.៣លានគ្រួសារ​នៅ​ទូទាំង​ប្រទេស។ គេអាច​ចែក​​ប្រភេទ​កសិករ​ទាំង​នោះ​ជា​ប្រភេទ​ធំៗ​ដូចតទៅ ៖ កសិករផលិត​ស្រូវ ឬ អ្នកស្រែ ៖ មាន​ចំនួន​ច្រើន​ជាងគេ​ក្នុង​ប្រទេស និង​និយម​ធ្វើ​ស្រូវ​វស្សា (រដូវភ្លៀង)លើផ្ទៃ​ដីទំនាប។ កសិករទាំងនោះ​អាច​រកប្រាក់​ដើម្បី​បង្គ្រប់ចំណូលរបស់ពួកគេ​ដោយ​ការងារ​ផ្សេងៗ​ទៀត (ចិញ្ចឹមសត្វ និង ឡើង​ត្នោត)ឯកសិករ​មួយចំនួនទៀត ធ្វើស្រូវ​ប្រដេញទ...

បញ្ជីរាយព្រះនាយព្រះមហាក្សត្រនៃកម្ពុជា

ាា ព្រះមហាក្សត្រកម្ពុជា គឺជា ប្រមុខរដ្ឋ នៃ ព្រះរាជាណាចក្រកម្ពុជា ។​អំណាចព្រះមហាក្សត្រត្រូវបាន កំណត់ដើម្បី​ តែអង្គនៃនិមិត្តរូប ទៅដល់ប្រជាជនគឺដើម្បីផ្ដល់ក្ដីស្រលាញ់ និងគោរព។ ព្រះមហា ក្សត្រក៏តំណាងអោយសន្តិភាព ស្ថេរភាព និងភាពរុងរឿងដល់ ប្រជាជនខ្មែរ ។ ព្រះមហាក្សត្រ កម្ពុជាត្រូវបានជ្រើសរើស ដែលធ្វើអោយកម្ពុជាក្លាយជារាជាធិបតេយ្យមួយ ក្នុងចំណោម រាជាធិប តេយ្យបោះឆ្នោត មួយចំនួនតូចនៃពិភពលោក ។ កម្ពុជា (៦៨-១៤៣១) នគរភ្នំ រឺ ភ្វូណន (៦៨-៦២៧) លេខរៀង ព្រះមហាក្សត្រ ព្រះនាមផ្ទាល់ រជ្ជកាល ០១ ព្រះនាងសោមា (មិនទាន់ច្បាស់) ហៅតាមចិន: លាវយ៉េក ( លីវយី ) និងហៅតាមខ្មែរប្រពៃណី: នាងនាគ (មិនទាន់ច្បាស់) ខាងចុងសតវត្សទី១ ០២ កៅណ្ឌិន្យទី១ (មិនទាន់ច្បាស់) ហៅតាមចិន: ហ៊ុនធៀន ( ហ៊ុនទៀន ) និងហៅតាមខ្មែរប្រពៃណី: ព្រះថោង (មិនទាន់ច្បាស់) ៦៨-ខាងចុងសតវត្សទី១ ០៣ មិនស្គាល់ ខាងចុងសតវត្សទី២ ០៤ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានឃ័ង (ហ៊ុនប៉ានហ៊ួង) ខាងចុងសតវត្សទី២ ០៥ មិនស្គាល់ ហៅតាមចិន: ហ៊ុនផានផាន (ប៉ានប៉ាន) ដើមសតវត្សទី៣ ០៦ ស្រីមារៈ ហៅតាមចិន: ផ្វានឝ៊ឺម៉ាន (ផ្វាន់ចេម៉ាន់) រ.២០៥-២២៥ ០៧ មិនស្គ...

ពុម្ពអក្សរខ្មែរ

 សូមអញ្ជើញចូលទៅកាន់ដំណខាងក្រោមនេះ លោកអ្នកនឹងអាចទាញយកនូវពុម្ពអក្សរខ្មែរ ជាច្រើន តាមការពេញចិត្ត។ សូមចុចត្រង់នេះ ។